Reading Article
Public date : 25, Jul 2019 (20,594 Read)
ប្រេត២១ពួក

|
ប្រេត២១ពួក
១- អដ្ឋិសង្ខលិកប្រេត (ប្រេតមានតែរាងឆ្អឹង) ប្រេតនេះមាននៅជើងភ្នំគិជ្ឈកូដ ដែលព្រះមហាមោគ្គល្លានត្ថេរលោកបានឃើញប្រេតនេះកំពុងតែអណ្តែតឯអាកាស មានពពួកត្មោតពពួកសត្វខ្លែងប្រមង់ដេញតាមចោមរោមឆាបចឹក អដ្ឋិសង្ខលិកប្រេតនោះ ក៏ចេះស្រែកថ្ងូរនៅនឹងជើងភ្នំគិជ្ឈកូដនោះ ។ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវបុព្វកម្មនៃសត្វប្រេតនេះថា ម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើម ជាអ្នកពិឃាតគោក្នុងក្រុងរាជគ្រឹះ នេះឯងដោយកម្មវិបាកនោះអ្នកពិឃាតនោះទៅឆេះនៅក្នុងនរកអស់ជាច្រើនរាប់រយពាន់សែនឆ្នាំដោយសេសសល់ នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលក្នុងអត្តភាពជា អដ្ឋិសង្ខលិកប្រេតនេះឯង ។ ២- មំសបេសីប្រេត (ប្រេតមានរាងកាយដូចជាចម្រៀកសាច់) ប្រេតនេះអណ្តែតនៅឯអាកាសក្បែរជើងភ្នំគិជ្ឈកូដមានពពួកសត្វត្មាតខ្លែង ប្រមង់ដេញតាមរោមឆាបចឹក មំសបេសីប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកពិឃាតគោក្នុង ក្រុងរាជគ្រឹះនេះ ដែរ ។ ៣- មិសបិណ្ឌប្រេត (ប្រេតមានរាងកាយដូចជាដុំសាច់) ប្រេតនេះអណ្តែងនៅឯអាកាស ក្បែរជើងភ្នំគិជ្ឈកូដ មានពពួកសត្វត្មាត ខ្លែងប្រមង់ដេញតាមរោមឆាបចឹកមំសបិណ្ឌប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើមជាព្រានសត្វស្លាប ក្នុងក្រុងរាជគ្រឹះ នេះឯង ។ ៤- និច្ឆវីបុរិសប្រេត (ប្រេតមានរាងកាយរងាលឥតមានស្បែក) ប្រេតនេះអណ្តែតនៅឯអាកាស ក្បែរជើងភ្នំគិជ្ឈកូដ មានពពួកសត្វត្មាត ខ្លែងប្រមង់ ដេញតាមរោមឆាបចឹក និច្ឆវីបុរិស ប្រេតនោះឯង ក៏ស្រែកយំទួញថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកសម្លាប់សត្វចៀមក្នុងក្រុងរាជគ្រឹះនេះឯង ។ ៥- អសិលោមប្រេត (ប្រេតមានដាវដោតជាប់នឹងរាងកាយដូចជារោម) ប្រេតនេះអណ្តែតនៅឯអាកាសក្បែរជើងភ្នំគិជ្ឈកូដ រោមដាវទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកវិញ ដាវនោះបានដោតជាប់រាងកាយនៃប្រេតនោះឯង អសិលោមប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអ្នកពិឃាត សត្វជ្រូកចិញ្ចឹមក្នុងក្រុងរាជគ្រឹះនេះឯង ។ ៦- សត្តិលោកប្រេត(ប្រេតមានលំពែងដោតនឹងរាងកាយដូចជារោម) ប្រេតនោះតែងអណ្តែតនៅព្ធដ៏អាកាស ក្បែរជើងភ្នំគិជ្ឈកូដ រោមលំពែងទាំងឡាយរបស់ប្រេតនោះ ក៏អណ្តែតខ្ពស់ឡើងហើយធ្លាក់មកវិញ លំពែងនោះបានដោតជាប់រាងកាយនៃប្រេតនោះឯង សត្តិលោមប្រេតនោះក៏ស្រែកយំទួញថ្ងូរ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាព្រានម្រឹគក្នុងក្រុងរាជគ្រឹះនេះឯង ។ ៧- ឧសុលោមប្រេត (ប្រេតមានព្រួញដោតជាប់នឹងរាងកាយដូចជារោម) ព្រួញទាំងឡាយរបស់ប្រេតនោះ អណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ ព្ធដ៏រាងកាយនៃប្រេត នោះឯងឧសុលោមប្រេតនោះក៏ចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយសត្វនោះកាលពីដើមជាពេជ្ឈឃាតក្នុងក្រុងរាជគ្រឹះនេះឯង ។ ៨- សូចិលោមប្រត (ប្រេតមានម្ជុលជាប់នឹងរាងកាយដូចជារោម) ម្ជុលទាំងឡាយរបស់ប្រេតនោះ អណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់ដមកដោតជាប់ព្ធដ៏រាងកាយនៃប្រេតនោះឯងសូចិលោមប្រេតនោះក៏ចេះស្រែកថ្ងូរ ។ ព្រះដ៏មានព្រភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយសត្វនោះកាលពីដើមជាជានាយសារថីក្នុងក្រុងរាជគ្រឹះនេះឯង ។ ៩-ទុតិយសូចិលោមប្រេត (ប្រេតមានដែកស្រួចចាក់ខ្ទាស់ច្រូងច្រាងដូចជារោម) កំពុងអណ្តែតទៅឯអាកាស ដែកស្រួចទាំងឡាយរបស់ប្រេតនោះ ដោតចូលទៅតាមក្បាលហើយធ្លាយចេញមកខាងមាត់ ដោតចូលទៅតាមមាត់ ហើយធ្លាយចេញមកខាងទ្រូងដោតចូលទៅតាមទ្រូង ហើយធ្លាយចេញមកខាងពោះដោតចូលមកតាមពោះ ហើយធ្លាយចេញមកខាងភ្លៅ (ទាំងពីរ) ដោតចូលមកតាមភ្លៅ (ទាំងពីរ) ហើយធ្លាយចេញមកខាងស្មង(ទាំងពីរ) សូចិលោមប្រេតនោះក៏ចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនោះកាលពីដើមជាអ្នកញុះញង់គេក្នុងក្រុងរាជគ្រឹះនេះឯង ។ ១០- កុម្ភណ្ឌប្រេត (ប្រេតមានពង់ប៉ុនក្អមយ៉ាងធំ) កំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះកាលបើដើរ លុះតែលើកអណ្ឌ (ពង) ទាំងនោះលើ (ដាក់លើស្មា) ទើបដើរទៅបាន កាលបើអង្គុយក៏ចេះតែអង្គុយសង្កត់លើ អណ្ឌទាំងនោះឯង ពពួកសត្វត្មាត ខ្លែង ប្រមង់ ដេញតាមចោមឆាបចឹក កុម្ភណ្ឌប្រេតនោះចេះក៏តែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនុះកាលពីដើមជាអមាត្យអ្នកវិនិច្ឆ័យក្តី នៃអ្នកស្រុក ដោយអំពើវៀចវេមិនទៀងត្រង់ក្នុងក្រុងរាជគ្រឹះនេះឯង ។ ១១- គូថខាទិប្រេត (ប្រេតលិចុះក្នុងរណ្តៅលាមក) ប្រេតនេះលិចចុះកនុងរណ្តៅលាមកក្បែរភ្នំគិជ្ឈកូដ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វនោះកាលពីដើមជាអ្នកធ្វើបរទារកម្ម (ប្រព្រឹត្តខុសក្នុងកាម) ក្នុងក្រុងរាជគ្រឹះនេះឯង ។ ១២- ទុតិយខាទិប្រេត (ប្រេតស៊ីលាមក) ប្រេតនេះលិចចុះក្នុងរណ្តៅលាមកកំពង់ចាប់លាមកដោយដៃទាំងពីរ ហើយ ស៊ីលាមកនោះ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថាម្នាលភិក្ខុទាំងឡាយសត្វនុះ កាលពីដើមជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះ នេះឯងព្រាហ្មណ៍នោះកាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបបាននិមន្តភិក្ខុសង្ឃដោយពាក្យថា និមន្តឆាន់ភត្តាហារ ក៏ចាក់លាមកពេញក្នុងក្នុងស្នូក រួចហើយប្រើគេឲ្យប្រាប់ភត្តកាលថា បពិត្រលោកដ៏ចម្រើនទាំងឡាយសូមលោកម្ចាស់និមន្តឆាន់ឲ្យឆ្អែតដោយកម្មវិបាកនោះ ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់រយពាន់សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯងក៏បានមកសោយនូវផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ។ ១៣- និច្ផវីឥត្ថីប្រេត (ប្រេតមានរាងកាយអាក្រក់ គួរខ្ពើមឆ្អើម) ប្រេតនេះមានរូបកាយអាក្រក់មានក្លិនស្អុយ កំពុងតែអណ្តែតទៅឯអាកាស ពពយកសត្វត្មាត ខ្លែងប្រមង់ដេញតាមចោមឆាបចឹកមង្គុលីនោះ ក៏ប្រេតចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ស្រីនុះកាលពីដើមជាស្រីជាស្រីមេមត់ ក្នុងក្រុងរាជគ្រឹះនេះឯង ។ ១៥- ឱកិលិប្រេត (ប្រេតមានរាងកាយឆេះរោលដោយរងើកភ្លើង) ប្រេតមានរងើកភ្លើងធ្លាក់ស្រោចលើខ្លួន (ក្តៅអន្ទះសា) កំពុងតែអណ្តែតទៅនី ឯអាកាសឱកិលិនីប្រេតនោះ តែចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយស្រីនុះកាលពីដើមជាអគ្គមហេសីនៃសេ្តចក្នុងដែនកាលិង្គ ជាស្រីមានចិត្តឬស្យាបានចាក់រងើកភ្លើងមួយអំបែង លលើស្រីជាសត្រូវ ដោយអំពើបាបកម្មនោះឯង ទើបនាងទទួលសេចក្តីទុក្ខបែបនេះ ។ ១៦- អសីសកពន្ធប្រេត( ប្រេតឥតមានក្បាលមានតែខ្លួន) ប្រេតនោះកំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះមានភ្នែកនៅនឹងទ្រូងពពួកសត្វត្មាត ខ្លែងប្រមង់ដេញតាមចោមឆាបចឹកប្រេតនោះក៏ចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វនុះកាលពីដើមជាអ្នកពិឃាតចោរក្នុងក្រុងរាជគ្រឹះនេះឯង ។ ១៧- ភិក្ខុប្រេត (ប្រេតមានភេទដូចជាភិក្ខុ) ប្រេតនេះកំពុងអណ្តែតទៅ ឯអាកាសសង្ឃាដីរបស់ភិក្ខុប្រេតនោះក្តីក៏មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោរសន្ធៅ វត្តពន្ធចង្កេះក្តីមានភ្លើងឆេះ សន្ធោសន្ធៅ ភិក្ខុប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយប្រេតនោះកាលពីដើមជាភិក្ខុ ប្រព្រឹត្តអាក្រក់ក្នុងសាសនានៃព្រហសម្មាសម្ពុទ្ធទ្រង់ ព្រះនាមកស្សបៈ ។ ១៨- ភិក្ខុនីប្រេត (ប្រេតមានភេទដូចភិក្ខុនី ) ប្រេតនេះកំពុងតែអណ្តែតទៅឯអាកាស សង្ឃាដិរបស់ភិក្ខុនីប្រេតនោះក្តីក៏មានភ្លើងឆេះ សន្ធោរសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្តព្ធចង្កេះក្តីក៏មានឆេះសន្ធោសន្ធៅ ភិក្ខុនីប្រេតនោះក៏ចេះតែសែ្រកថ្ងូរ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយប្រេតនោះកាលពីដើមជា ភិក្ខុនីប្រព្រឹត្តអាក្រក់ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ ។ ១៩- សិក្ខមានាប្រេត (ប្រេតមានភេទដូចសិក្ខាមានា) (សាមណេរអ្នកប្រព្រឹត្តធម៌ដើម្បីឧបសម្បទា) ប្រេតនោះមានសេចក្តីទុក្ខដូចភិក្ខុនីប្រេតដែរ ។ ២០- សាមណេរប្រេត(ប្រេតមានភេទ ដូចជាសាមណេរ) ប្រេតនេះមានសេចក្តីទុក្ខដូចភិក្ខុនីប្រេតដែរ ។ ២១-សាមណេរីប្រេត (ប្រេតមានភេទដូចសាមណេរី) ប្រេតទាំងអស់នេះជាប្រេតដែលព្រះមហាមោគ្គល្លានត្ថេរលោកបានឃើញនា ជើងភ្នំគិជ្ឈកូដ ហើយបានប្រាប់ដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយខ្លះមិនជឿជាក់ចំពោះព្រះមហាមោគ្គល្លានត្ថេរដោយគិតថា ព្រះមហាមោគ្គល្លានត្ថេរនេះពោលអួតគុណវិសេសដែលជាជាឧត្តវិមនុស្សធម៌ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះ ចំពោះព្រះដ៏មានព្រះភាគ ព្រះអង្គក៏ទ្រង់សម្តែង ពីបុព្វកម្មនិងវិបាករបស់សត្វប្រេតទាំងឡាយនោះ ដោយសេចក្តីជាដើមថា សត្វទាំងឡាយនោះទៅសោយផលវិបាករងទុក្ខវេទនាក្នុងនរក អស់កាលដ៏យូរអង្វែងរាប់រយពាន់សែនឆ្នាំ សេសសល់ផលកម្ម ទើបមកកើតជាកំណើតប្រេតនេះឯង ។ (ដកស្រង់អំពីវិន័យបិដក មហាវិភង្គ) គប្បីជ្រាបថា ប្រតមិនមែនមានតែប៉ុណ្ណេះទេគឺមានច្រើនទៀតដែលមានសំដែងហើយ ក្នុងគម្ពីរបេត្តវត្ថុជាដើម ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |