Reading Article
Public date : 20, Oct 2021 (16,052 Read)
ចេះមើលឲ្យឃើញផ្នែកល្អ

|
ចេះមើលឲ្យឃើញផ្នែកល្អ
បុគ្គលដែលមានការទាក់ទងជាមួយនឹងយើង ឬហេតុការណ៍ដែលកើតឡើងដល់យើង គឺយើងគួរព្យាយាមសម្លឹងមើលដោយការយកចិត្តទុកដាក់ដល់បុគ្គលនោះ និដហេតុការណ៍ផ្សេងៗនោះ ក្នុងផ្នែកល្អតាមសមគួរ ។ បើយើងចេះសម្លឹងមើលនិងចេះស្រាវជ្រាវរកផ្នែកល្អរបស់បុគ្គលនោះ ឬហេតុការណៗនោះយើងនឹងបាននូវប្រយោជន៍ជាពិតប្រាកដ ។ បុគ្គលខ្លះទោះបីមានចំណែកអាក្រក់ ខូចកាចដ៏ច្រើនក៏ពិតមែនហើយ តែក៏គង់មាននូវចំណែកល្អខ្លះ បើយើងចេះជ្រើសរើសយកដោយការត្រួតត្រាពិនិត្យ ប្រកបដោយសុភនិច្ឆ័យ ។ដើមឈើដោយទូទៅ រមែងមានប្រយោជន៍មិនដូចគ្នា ហើយអ្នកណាដឹងនូវប្រយោជន៍នៃដើមឈើនោះ ត្រង់ចំណែកណាក៏នាំយកចំណែកត្រង់នោះឯងមកធ្វើជាប្រយោជន៍ទៅ ។
ដើមឈើខ្លះមានប្រយោជន៍គ្រប់ចំណែកទាំងអស់ ទាំងឬសទាំងដើម ទាំងសំបកទាំងស្រាយ ទាំងខ្លឹម ទាំងផ្កា ទាំងស្លឹកនិងទាំងផ្លែ ហើយសុទ្ធតែជាប្រយោជន៍ក្នុងផ្នែកណានោះ គឺស្រេចហើយតែការចេះដឹងនិងការយល់របស់យើង ។ មនុស្សខ្លះ ពិតហើយថាគេជាមនុស្សអាក្រក់សឹងតែទាំងអស់ គឺទាំងកាយទាំងវាចាចិត្ត តែគេក៏បានមកជាតួយ៉ាងសម្រាប់ឲ្យយើងឃើញទៅតាមសេចក្តីពិតថា ធ្វើយ៉ាងហ្នឹងវាមិនល្អ វាជាការអាក្រក់ ដូច្នេះបើយើងមិនចង់ឲ្យខ្លួនយើងទៅជាមនុស្សអាក្រក់ទេ យើងមិនត្រូវធ្វើដូច្នោះឡើយ ។ នេះជាប្រយោជន៍ដែលយើងត្រូវធ្វើដូច្នោះឡើយ ។ នេះជាប្រយោជន៍ដែលយើងត្រូវបានទទួល ពីសភាពនៃអំពីអាក្រក់ដែលបានប្រាកដឲ្យឃើញមើលឃើញច្បាស់ ទាំងដែលយើងក៏ជាមនុស្សចេះសម្លឹងមើលផងទៀត ។ ហេតុការណ៍ខ្លះដែលបានកើតឡើងដល់យើង ក្នុងពេលដំបូងយើងអាចឃើញថាជារឿងអាក្រក់ ជារឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវបញ្ញា ពិចារណារកផ្លូវដោះស្រាយ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាមក្នុងការដោះស្រាយផងទៀតនោះ ហេតុការណ៍ដែលថាអាក្រក់ហ្នឹងឯងក៏បានធ្វើឲ្យយើងសម្រេចនូវប្រយោជន៍ដ៏ច្រើន ។ ព្រោះហេតុដូច្នោះហើយ ដើម្បីសេចក្តីស្ងប់សុខនៃចិត្តសន្តានរបស់យើង គឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍ផ្សេងៗ នៅក្នុងផ្នែកល្អជាមុនសិន ឬត្រូវចេះបរិកម្មភាវនាឲ្យបានរឿយៗដូច្នេះថា " ល្អដូចៗគ្នា " នេះបើយើងធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនងទៅតាមហេតុផលហើយនោះ (យោនិសោមនសិការ) ។ ការខកចិត្ត ការអស់សង្ឃឹម មិនអាចញាំញីនូវបេះដូងរបស់យើងបានឡើយ បើយើងមាននូវយោនិសោមនសិការរឿយៗជានិច្ចនោះ ។ យើងនឹងសម្លឹងមើលឃើញបានច្បាស់ពិតប្រាកដនូវគុណតម្លៃដ៏ថ្លៃថ្លា ដែលសម្រេចបានពីយោនិសោមនសិការរបស់យើង ។ គុណតម្លៃដែលយើងទទួលបានពីយោនិសោមនសិការនោះ គឺល្អជាងនិងខ្ពស់ជាងនូវអ្វីៗដែលយើងធ្លាប់ឲ្យតម្លៃ ទាំងអ្វីៗនោះឯងដែលបានធ្វើឲ្យយើង អស់សង្ឃឹម ។ អ្វីៗនៅក្នុងលោកនេះ សុទ្ធតែប្រែប្រួលទាំងអស់ រកសង្ឃឹមមិនបានឡើយ ហើយម្យ៉ាងទៀត សម្បត្តិក្នុងលោកនេះ មិនមានសម្បត្តិណាដែលធ្វើឲ្យយើងចេះឆ្អែតគ្រប់គ្រាន់បានឡើយ ដូច្នេះតើឲ្យយើងសង្ឃឹមទៅលើរបស់អ្វីនៅក្នុងលោកនេះ ។ ផ្លូវដែលល្អក៏គឺ កុំប្រមាទ កុំទុកចិត្តអ្វីៗឲ្យជ្រុលហួស ត្រូវចេះរក្សាខ្លួនដោយខ្លួនឯង ។ ចិត្តរបស់អ្នកដទៃដូរផ្លាស់ជានិច្ចសូម្បីចិត្តរបស់យើងក៏មិនខុសអ្វីពីចិត្តអ្នកដទៃដែរប្រសិនបើបណ្តោយឲ្យអារម្មណ៍អូសទាញ អារម្មណ៍នឹងបន្សាត់ចិត្តរបស់យើង ឲ្យហូរទៅតាមខ្សែតណ្ហាជាប្រាកដ ។ មនុស្សជាច្រើនដែលធ្លាប់ស្រឡាញ់គោរពរាប់អានយើងនោះគេអាចខឹងក្រោធនឹងយើង ស្អប់យើង ឈប់គោរពរាប់អានចំពោះយើងពេលណាក៏បានដែរ ។ ប្រវត្តិសាស្ត្រក្នុងលោក និងដំណឹងផ្សេងៗក្នុងលោកដែលមានការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រាល់ថ្ងៃនេះមានឡើងប្រាកដដើម្បីសេចក្តីស្លុតសង្វេគ និងដើម្បីមិនឲ្យយើងមានក្តីសង្ឃឹមទៅលើអ្វីៗនោះឯង ។ ឃើញមនុស្សក្រីក្រតោកយ៉ាកលំបាកហើយ ក៏អស់នូវចំណង់ដែលចង់មាន ។ ឃើញមនុស្សចាស់ជរាហើយ ក៏បាត់បង់អស់នូវភាពរីករាយនៃចិត្ត ដែលប្រព្រឹត្តទៅក្នុងភាពជាកំលោះក្រមុំ ព្រោះទោះជាយ៉ាងណាៗក៏ដោយ យើងក៏ត្រូវចាស់យ៉ាងនោះ ទាំងអ្នកដទៃ ដែលឋិននៅក្នុងវ័យក្មេងដែលយើងកំពុងតែស្រឡាញ់ណាស់ក៏មុខតែចាស់ដែរ ប្រសិនបើមិនបានស្លាប់ពីក្មេងទេនោះ ។ ឃើញមនុស្សដណ្តើមនូវផលប្រយោជន៍ពីគ្នា គំរាមកំហែងគ្នា ទម្លាយសេចក្តីសុខគ្នា ព្យាបាទគ្នាដោយវិធីផ្សេងៗហើយ ក៏មិនចង់ចូលទៅឲ្យប៉ះពាល់ដល់សង្គមណាៗឡើយ ។ មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឲ្យកក់ក្តៅក្នុងជីវិតព្រោះព្រះធម៌បានស្ថាបនាមនុស្ស ដែលធ្លាប់តែអន់ថយទន់ទាប ដោយត្រកូល ឬ ដោយទ្រព្យជាដើម ឲ្យបានជាមនុស្សប្រសើរខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ទេវតាឥន្ទ្រព្រហ្មប្រណម្យអញ្ជលីសំពះថ្វាយបង្គំទៀតផង ។ ព្រះធម៌មិនបានឃ្លាតចាកពីលោកនេះទៅឡើយ មានតែសត្វលោកប៉ុណ្ណោះទេ ដែលចេះតែលះបង់ព្រះធម៌ចោល ។ ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមឲ្យមានការទុកចិត្តចំពោះព្រះធម៌ចុះ គឺល្អជាងការទុកចិត្តក្នុងអ្វីៗទៀតទាំងអស់ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានឲ្យពុទ្ធបរិស័ទ តម្កល់ខ្លួនដោយប្រពៃ គឺតម្កល់ខ្លួនក្នុងគុណធម៌ ឬ ឲ្យព្រះធម៌មាននៅក្នុងខ្លួនហ្នឹងឯង ទោះបីជួបប្រសព្វនូវសេចក្តីទុក្ខលំបាកយ៉ាងណាក៏ដោយក៏កុំឲ្យចោលព្រះធម៌ ។ ការដែលយើងមាននូវព្រះធម៌ តាំងនៅក្នុងខ្លួនបានមាំមួនល្អហើយនោះ យើងរឹងរឹតតែចេះសម្លឹងមើលបុគ្គលនិងហេតុការណ៍ផ្សេងៗបានល្អឡើង ព្រោះនៅក្នុងខ្លួនយើងសម្បូណ៌ទៅដោយយោនិសោមនសិការ នេះជាវិធីដ៏សំខាន់មួយក្នុងការធ្វើចិត្តឲ្យបានស្ងប់ មិនញាប់ញ័រចំពោះលោកធម៌ដែលជាវិធីនាំទៅរកសភាពសុខចិត្ត កាន់តែប្រណីតសុខុមឡើងជានិច្ចនិរន្តរ៍ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |