Reading Article
Public date : 25, Jul 2019 (10,894 Read)
ការសម្លឹងគុណនិងទោស

|
ការសម្លឹងគុណនិងទោស
ការសម្លឹងគុណនិងទោសនោះ បានដល់គុណ និង ទោសនៃអ្វីៗ ដែលមានការទាក់ទងនឹងយើង គឺយើងត្រូវសម្លឹង ត្រូវសិក្សាសង្កេតពិនិត្យឲ្យបានយល់ដឹងច្បាស់ ។ ជាធម្មតារបស់ផ្សេងៗនៅក្នុងលោក ដែលជាសង្ខតធម៌មានបច្ច័យតាក់តែង ឬនៅក្នុងលោកដែលជាលោកធម៌មានលាភមានយស សរសើរសុខ ប្រកបដោយភាពបោកប្រាស់ រមែងមានទាំងគុណនិងទោសលាយច្រឡំនៅជាមួយប្រៀបដូចជាត្រីដែលមានឆ្អឹង ។ អ្នកបរិភោគត្រីដែលមានឆ្អឹងនៅពីក្នុង គប្បីប្រយ័ត្នប្រយែងឲ្យណាស់ ដើម្បីកុំឲ្យស្លាក់នឆ្អឹងនឹងក ។ ចំពោះអ្វីៗទាំងអស់ដែលជាអាមិស (នុយ របស់បញ្ឆោត ) ជាពិសេសគឺរបស់ណាដែលយើងចូលទៅរក ឬដែលចូលមករកយើង កាលដែលយើងមានការសម្លឹងពិនិត្យឃើញគុណនិងទោសហើយ ជាឧបការៈជួយឲ្យយើងមិនជាប់ជំពាក់ចិត្ត មិនវង្វេងក្នុងរបស់ទាំងអស់នោះ ។ តាមសភាពនៃរបស់ទាំងអស់ដែលជាអមិសនោះ វាតែងតែទម្លាយនូវសេចក្តីសុខស្ងប់របស់ចិត្ត ព្រោះថាវាអារម្មណ៍ធ្វើឲ្យចិត្តញាប់ញ័រជានិច្ច ដូចទឹកដែលត្រូវកម្រើកញ័រដោយសារខ្យល់បក់ ឬដោយសារវត្ថុដែលបុគ្គលបោះចូលទៅដូច្នោះឯង ។ សូមលើកតួយ៉ាង ដើម្បីសេចក្តីជាក់ច្បាស់ក្នុងរឿងគុណនិងទោសនៃអ្វីៗនោះដែលយើងមានការជាប់ទាក់ទងជាមួយ ដូចជា មនុស្សដែលយើងមានការជាប់ទាក់ទងជាមួយ ដូចជា មនុស្សដែលយើងស្រឡាញ់ ពិតណាស់ មនុស្សដែលយើងស្រឡាញ់ គេបានឲ្យសេចក្តីសុខសេចក្តីរីករាយដល់យើង គឺនៅពេលដែលគេនៅជិត នៅក្បែរនៅជាមួយនឹងយើង គេបានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាវាចាទឹកឃ្មុំ ក៏ប៉ុន្តែវាជាទុក្ខនៅពេលត្រូវព្រាត់ចាក ត្រូវនឹក ត្រូវអាល័យដល់គេ ឬក៏ត្រូវសង្ស័យព្រមដោយការភ័យព្រួយថា គេនឹងឈប់ស្រឡាញ់យើង ឬម្យ៉ាងទៀតព្រួយបារម្ភ ក្រែងមានអ្នកណាដទៃណា មកចែកសេចក្តីស្រឡាញ់យកទៅ ។ ព្រោះហេតុតែសេចក្តីស្រឡាញ់ទើបហួងហែងម្ល៉ោះហើយ ចិត្តរបស់យើងត្រូវជាប់ជំពាក់ខ្លាំង ហាក់ដូចជាជាប់តាមទៅជាមួយ នៅពេលដែលមនុស្សជាទីស្រឡាញ់នោះឯងបានឃ្លាតទៅឆ្ងាយ ឬ ហាក់ដូចជាមកតែរូបកាយនៅពេលឃ្លាតឆ្ងាយបែកពីមនុស្សដែលខ្លួនស្រឡាញ់ នេះគឺជាចំណែកដែលមានទោស ។ ក្នុងរឿងយសស័ក្តិ សម្បត្តិនិងបរិវារ ក៏ដូចគ្នាដែរវមែងមានទាំងគុណនិងទោសលាយច្រឡំគ្នា ។ ពេលដែលបានទទួលនូវចំណែកដែលជាគុណ យើងក៏សប្បាយរីករាយប៉ុន្តែលុះដល់ពេលបានទទួលនូវចំណែកដែលជាទោសវិញ ក៏សោកសៅដល់នូវការខូចចិត្ត នេះជារឿងធម្មតាដែលតែងតែមានក្នុងមនុស្សលោក ។ នៅក្នុងសេចក្តីនេះ សម្រាប់អ្នកដែលបានហ្វឹកហាត់អប់រំចិត្តល្អហើយ បានពិចារណាទាំងផ្នែកគុណ ទាំងផ្នែកទោសនៃអ្វីៗនោះ ដោយការពិចារណារឿយៗ លុះដល់ពេលបានទទួលនូវចំណែកដែលជាទោស ក៏មានសេចក្តីអត់ធន់មានចិត្តស្ងប់ស្ងៀម ព្រោះបានពិចារណាឃើញថា ឥឡូវនេះចំណែកដែលជាទោស បានប្រាកដឡើងហើយ នេះគឺជាសេចក្តីពិតនៃលោកគឺសង្ខារលោក ឬលោកធម៌ ។ ការមាននូវសតិបញ្ញាដឹងទាន់ត្រឹមតែប៉ុណ្ណេះ ក៏អាចរក្សានូវសេចក្តីស្ងប់ចិត្តបាន ម្ល៉ោះហើយចិត្តក៏ឋិតនៅក្នុងសភាពជាសុខ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |