Reading Article
Public date : 27, Aug 2019 (27,304 Read)
ភាពជាអ្នកមានហេតុផល

|
ភាពជាអ្នកមានហេតុផល
សូមឲ្យបរិស័ទច្បាស់លាស់ក្នុងចិត្ត ធ្ងន់ក្នុងចិត្តឥតសង្ស័យថា " អ្វីៗទាំងអស់ក្នុងលោកប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ " ។ យើងមិនអាចជ្រើសរើសយកនូវអ្វីៗតាមសេចក្តីពេញចិត្តបានឡើយ ។ មានហេតុមានបច្ច័យយ៉ាងណាវារមែងប្រព្រឹត្តទៅយ៉ាងនោះ ។ កាលមានហេតុមានបច្ច័យឲ្យសុខ សេចក្តីសុខក៏កើតឡើង កាលមានហេតុមានបច្ច័យឲ្យទុក្ខ សេចក្តីទុក្ខក៏កើតឡើង ។ មានហេតុមានបច្ច័យឲ្យចម្រើនក៏ចម្រើនទៅ មានហេតុមានបច្ច័យឲ្យអ្វីៗណាកើតអ្វីៗនោះរមែងកើតតាមហេតុតាមបច្ច័យហ្នឹងឯង ។
អ្វីៗទាំងអស់ដែលជាសង្ខតធម៌មានបច្ច័យតាក់តែងឲ្យកើតឡើង រមែងមិនជាឥស្សរៈដោយខ្លួនឯងឡើយ ត្រូវជាប់ទាក់ទងនឹងបច្ច័យ មានការប្រែប្រួលជាកំណត់ និងមិនប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាត្រូវការរបស់បុគ្គលណាទេ ។ បើគ្រប់យ៉ាងប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់បុគ្គលហើយនោះ តើអ្នកណាក្រ អ្នកណាមានរោគ អ្នកណាមិនស្អាតហើយអ្នកណាដែលមានទុក្ខ ព្រោះគ្រប់គ្នាប្រាថ្នាបាននូវទ្រព្យសម្បត្តិ ប្រាថ្នាសុខភាពបរិបូណ៌ ប្រាថ្នាស្អាត ប្រាថ្នាសុខ តែនេះដោយហេតុថា របស់ទាំងអស់ប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ ទើបយើងមិនអាចបានតាមប្រាថ្នាថា របស់នេះចូរទៅជាយ៉ាងនោះចុះ ចូរកុំជាយ៉ាងនេះដូច្នោះឡើយ ។ ដែលមានខ្លះប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នានោះ ដូចជាយើងប្រាថ្នានឹងក្រោកឡើងហើយដើរទៅ យើងក៏បានក្រោកឡើងហើយដើរទៅបានមែន នេះព្រោះមានហេតុមានបច្ច័យដល់ព្រមប្រសិនបើខ្វះហេតុខ្វះបច្ច័យ ប្រាកដជាដើរទៅពុំបានឡើយដូចជាអ្នកជំងឺខ្លះដែលប្រាថ្នានឹងក្រោកអង្គុយ ប៉ុន្តែមិនអាចក្រោករួចបាន ។ ការមាននូវមនសិការ ធ្ងន់ចិត្តចុះស៊ប់ទៅក្នុងលក្ខណះពិតរបស់សង្ខារ ថារបស់ទាំងឡាយទាំងពួងប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ ហើយលះបង់នូវសេចក្តីប្រកាន់ចោលបាននេះរាប់ថាជាថ្នាំដ៏ប្រសើរ សម្រាប់បំបាត់នូវសេចក្តីទុក្ខក្តៅតាមផ្លូវចិត្ត ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ការមិនមានកង្វល់ ការមិនប្រកាន់ នោះឯងគឺជាទីពឹងដ៏ប្រសើររបស់អ្នកដែលនៅក្នុងមហាសាគរគឺវដ្ដសង្សា មិនមានទីពឹងអ្វីដទៃក្រៅអំពីនេះឡើយ ។ យើងគប្បីធ្វើជាមនុស្សដឹងហេតុផល គុណធម៌មួយនេះជួយឲ្យចិត្តស្ងប់រម្ងាប់បានច្រើន ណាស់ ព្រោះយល់ព្រមទៅតាមការពិតថាផលរមែងមកតាមហេតុ ឬហេតុបង្កឲ្យកើតផល ។ ផលល្អឬផលអាក្រក់ដែលយើងបានទទួលនោះរមែងជាប់ទាក់ទងមកអំពីហេតុ ហេតុបង្កឲ្យកើតផលល្អហេតុអាក្រក់បង្កឲ្យកើតផលអាក្រក់ ហើយហេតុនោះៗ យើងជាអ្នកធ្វើដោយខ្លួនឯង យ៉ាងហោចណាស់ក៏មួយចំណែកធំដែរ ដែលយើងជាអ្នកធ្វើនោះ ។ នៅពេលដែលបានទទួលផលល្អ មនុស្សយើងច្រើនតែប្រញិបប្រញាប់ទទួលយកដោយក្តីរីករាយ និងគិតថាជាលទ្ធផលនៃការងារដែលខ្លួនបានធ្វើប៉ុន្តែនៅពេលដែលបានទទួលផលអាក្រក់វិញ ហេតុដូចម្តេចបានជាមិនសូវសុខចិត្តព្រមទទួល ហើយច្រើនតែទម្លាក់ទោសទៅឲ្យអ្នកដទៃទៀតផងថាជាអ្នកបង្កហេតុនោះៗទៅវិញ ។ មនុស្សមានហេតុផល រមែងមានចិត្តធ្ងន់ រឹងប៉ឹងប្រាកដច្បាស់លាស់ ហើយព្រមទទួលយកនូវហេតុផលតាមសេចក្តីពិតនោះឯង គឺជាកូនសោដ៏សំខាន់សម្រាប់ចាក់ចូលទៅរកដំដោះស្រាយនូវបញ្ហា ដែលសុទ្ធតែជាបញ្ហាលំបាកៗក្នុងការដោះស្រាយ ប្រសិនបើមិនព្រមទទួលយកការពិតទេនោះ ។ ពាក្យថាមនុស្សមានហេតុផល ដោយសេចក្តីថាជាមនុស្សដឹងហេតុដឹងផលហ្នឹងឯង គឺរមែងជាអ្នកសម្លឹងមើលហេតុផលដោយជុំវិញ និងដោយសព្វគ្រប់ ។ មិនមែនត្រឹមតែហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ដែលមនុស្សមានហេតុផលបានយល់ដឹងនោះទោះហេតុផលរបស់អ្នកដទៃក៏ដោយ ក៏គេរមែងយល់ដឹងបានតាមការពិតផលដែរ ។ មនុស្សមានហេតុផល រមែងព្រមទទួលនូវការចាំបាច់របស់អ្នកដទៃ ដែលអ្នកដទៃនោះ គេត្រូវធ្វើតាមការចាំបាច់របស់គេ ។ ប្រសិនបើយើងឋិននៅក្នុងសភាពដូចជាគេ យើងក៏អាចធ្វើដូចគេដែរ ។ មនុស្សម្នាក់ៗមានការចាំបាច់ក្នុងជីវិតមិនដូចគ្នាឡើយ ហើយច្រើនតែព្រម ចាញ់ចំពោះការចាំបាច់របស់ខ្លួនឯងនោះទៀតផង ។ ការចាំបាច់បានចាប់បង្ខំត្រូវធ្វើយ៉ាងនោះដើម្បីដោះស្រាយ ឬកែខៃបញ្ហារកផ្លូវចេញពីភាពទាល់ច្រកសិន ។ នៅក្នុងសេចក្តីនេះ មនុស្សអ្នកមានហេតុផលរមែងមិនអាងដល់ការចាំបាច់ ហើយប្រព្រឹត្តធ្វើនូវអំពើឆ្គាំឆ្គង នោះឡើយព្រោះបើចេះតែអាងដល់ការចាំបាច់ ហើយធ្វើនូវអំពើអាក្រក់អីចឹង អ្នកណាក៏បានគ្រប់គ្រា និងអាចអាងទៅគ្រប់រឿងទៀតផង ។ នៅពេលដែលមានរឿងចម្លែក ឬរឿងអាថ៌កំបាំងអ្វីមួយមនុស្សយើងត្រូវការចង់ដឹងហេតុផលខ្លាំងណាស់ ព្រោះជាធម្មតារបស់មនុស្សយើង គឺរមែងត្រូវការចង់ដឹងហេតុផលតែងតែស្រាវជ្រាវរាវរកហេតុផល ។ ហេតុផលមិនមែនងាយយល់ឡើយ ព្រោះហេតុផលជារឿងអាថ៌កំបាំងកប់ជ្រៅទៅក្នុងធម្មជាតិ ។ ការឃើញហេតុហើយគិតដៅទៅរកផលក្តីការឃើញផលហើយស្រាវជ្រាវរាវទៅរកហេតុក្តី រមែងមានការលំអៀងខុសអំពីការពិត ព្រោះហេតុតែខ្វះបញ្ញា មានការយល់ខុសទៅនៅក្នុងហេតុផលនៃធម្មតានោះៗ ដោយប្រការផ្សេងៗ ច្រើនបែបច្រើនយ៉ាង ។ សូម្បីតែហេតុផលក្នុងបច្ចុប្បន្ន ក៏គង់នឹកដៅទៅត្រូវភ្លាត់ប្លាតផងដែរ តិចលើកណាស់ដែលនឹកដៅទៅត្រូវបានប្រាកដ ព្រោះមុននឹងផលកើតឡើង គឺនៅរវាងហេតុនឹងផលនោះ ត្រូវមានហេតុដទៃជ្រៀតជ្រែកចូលមក ធ្វើឲ្យផលដែលសង្ឃឹមនោះត្រូវដូរផ្លាស់ ។ ការងារស្រែចំការ មុខជំនួញជួញដូរ ។ ល ។ រមែងមានហេតុដទៃជ្រៀតជ្រែកចូលមក ធ្វើឲ្យផលដែលយើងនឹងសង្ឃឹមត្រូវប្រែប្រួលអស់ តួយ៉ាង ដូចជាអ្នករៀនម្នាក់ជាសិស្សពូកែ មានសតិបញ្ញាល្អ មានការប្រព្រឹត្តត្រឹមត្រូវ សុខភាពមាំមួន និងជាប់លេខ១ នៅក្នុងការប្រលងសាកទៀតផង នេះគឺជាហេតុ ។ អាស្រ័យទៅលើហេតុនេះឯង យើងក៏បានដៅទៅរកផលថា សិស្សម្នាក់នេះ ពិតជាប្រលងជាប់ហើយបានពិន្ទុល្អទៀតផង ។ លុះដល់ពេលប្រលង សិស្សម្នាក់នេះឯងបែរជាបានពិន្ទុតិច ហើយត្រូវរៀនត្រួតថ្នាក់ជាបន្តទៀត ពោលគឺប្រលងធ្លាក់ហ្នឹងឯង ។ ដែលទៅជាយ៉ាងនេះ វាអាចមកអំពីពេលមុនប្រលង និង ពេលកំពុងតែប្រលងនោះ សិស្សម្នាក់នោះ មានការមិនស្រួលផ្លូវកាយ ឬមិនសប្បាយផ្លូវចិត្ត អាចមានរឿងនាំឲ្យមានកង្វល់ក្នុងចិត្តច្រើនដែលជារឿងនៅក្នុងក្រុមគ្រួសារ ដូច្នេះជាដើម ។ នេះគឺជាហេតុដទៃដែលជ្រែកចូលមក ហើយបានធ្វើឲ្យផលដែលយើងគិតដៅទុកនោះ មានការដូរផ្លាស់ ។ នៅតួយ៉ាងច្រើនទៀតណាស់ ដែលក្នុងរឿងរ៉ាវនោះៗ បង្កប់ទៅដោយហេតុផលអាថ៌កំបាំង ព្រោះហេតុដូច្នេះហើយ ទើបទៅក្នុងលោកនេះ មានអ្នកយល់ខុសដោយប្រការផ្សេងៗ ច្រើនបែបច្រើនយ៉ាង ។ ការហ្វឹកហាត់អប់រំខ្លួន ឲ្យបានទៅជាមនុស្សមានហេតុផល ឬជាមនុស្សយល់ដឹង ធ្វើអ្វីៗ តែងគិតគូហេតុផលឲ្យបានច្បាស់លាស់ជាមុននោះ គឺមានគោលសំខាន់ៗច្រើនប្រការដូចជាៈ - ហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងៗ ដែលបានរៀនដឹង និងបានស្តាប់បានឮមក ។ ពិគ្រោះពិចារណាឲ្យបានយល់ហេតុផលនៃរឿងនោះៗ អាចជាការហាត់គិតលេងៗ ទៅក៏បានដែរ ។ - រៀនអប់រំទូនា្មនចិត្តឲ្យត្រង់ វៀរចាកនូវអគតិ ៤ យ៉ាងគឺមិនលំអៀងព្រោះស្រឡាញ់ មិនលំអៀងព្រោះស្អប់ មិនលំអៀងព្រោះល្ងង់ និងមិនលំអៀងព្រោះការភ័យខ្លាច ។ - ព្យាយាមស្តាប់ពាក្យអប់រំទូន្មានឲ្យបានច្រើន បើឆ្ងល់ឲ្យចេះសួរ និងចេះធ្វើទុកចិត្តចាប់យកហេតុផលពីគ្រប់ហេតុការណ៍ផ្សេងៗ ដែលកើតឡើងចំពោះខ្លួនឯង និងកើតឡើងចំពោះអ្នកដទៃ ។ មនុស្សដែលយល់ដឹងអំពីហេតុផលច្បាស់ រមែងលះបង់នូវបាបអកុសលក្នុងខ្លួន ជាអ្នកមិនមាននូវឥស្សា គឺការច្រណែននឹងលាភយសរបស់អ្នកដទៃឡើយ ។ ជាការពិតហើយ មនុស្សយើងគ្រប់គ្នាព្រមទាំងធម្មជាតិទាំងអស់ សុទ្ធតែមានហេតុផលរៀងៗខ្លួន និងផ្សេងៗគ្នា ដូច្នេះយើងមិនអាចមានលាភ មានយស ឬមាននូវអ្វីៗទាំងអស់ឲ្យដូចជាអ្នកដទៃបានទេ ។ មនុស្សដែលយល់អំពីហេតុផលតាមសេចក្តីពិតមិនច្រណែន មិនទាមទារនូវសម្បត្តិអ្វីៗ ដែលអ្នកដទៃគេមានបាននោះឡើយ ក៏ដូចជាមិនច្រណែន មិនទាមទារនូវជំងឺពីអ្នកឈឺ ឬវិបត្តិភយន្តរាយផ្សេងៗទៀតដែលអ្នកដទៃត្រូវបានទទួលនោះដែរ ។ ជាធម្មតារបស់មនុស្សដែលមិនយល់អំពីហេតុផលរមែងមាក់ងាយអ្នកដែលទាបជាងខ្លួន ហើយរមែងច្រណែននឹងអ្នកដែលខ្ពស់ជាងខ្លួន ។ ដូច្នេះដើម្បីកម្ចាត់បង់នូវការមាក់ងាយអ្នកដទៃ និងសេចក្តីច្រណែន គប្បីសិក្សាពិចារណាឲ្យយល់ពីហេតុរបស់ជីវិត និងហេតុផលរបស់ធម្មជាតិគ្រប់យ៉ាង គឺគប្បីឲ្យតាំងនៅក្នុងភាពជាអ្នកដែលមានហេតុផលហឹ្នងឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |