Reading Article
Public date : 25, Jul 2019 (11,660 Read)
មិនមានអ្វីនៅនានិព្វាន

|
មិនមានអ្វីនៅនានិព្វាន
និរវាណៈ ស្ថិតនៅលើពាក្យពេចន៍ភាសា ដែលមានលក្ខណៈជាទិ្វភាវៈ (គូៗ) ហើយដែលត្រូវបានប្រើសម្រាប់ធ្វើការប្រៀបធៀបទាំងឡាយ ។
ដូចនេះទើបជាការពិតដែលថា និរវណៈ គឺស្ថិតនៅលើអ្វី ដែលយើងនាំគ្នាបញ្ញាត្តថាជាអំពើល្អ អំពើអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ការតាំងនៅ ការមិនតាំងនៅ សូម្បីតែពាក្យថា " សេចក្តីសុខ " ដែលយើងនាំយកមកប្រើ ដើម្បីអធិប្បាយនូវនិរវាណៈ ក៏មានលក្ខណៈខុសគ្នា ស្រឡះ ទៅនឹងសេចក្តីសុខនៅក្នុងលោកនេះ ។ គ្រាមួយព្រះសារីបុត្របានពោលយ៉ាងដូច្នេះថា " ម្នាលអាវុសោ! និរវណៈគឺជាសុខ និរវណៈគឺជាសុខ " ហេតុនោះឯងទើបធ្វើឲ្យព្រះឧទាយី សួរបញ្ជាក់ទៅកាន់លោកថា " ម្នាលសម្លាញ់សារីបុត្រ! និរវណៈនឹងសេចក្តីសុខម្តេចកើត បើគ្មានវេទនាផងនោះ " ព្រះសារីបុត្របានតបសំនួរនេះក្នុងលក្ខណៈជាបរមត្ថ ហើយដែលហួសពីវិស័យរបស់មនុស្សធម្មតាគប្បីយល់បានថា " ការមិនមានវេទនានេះឯង គឺជាសុខ " ។ និរវាណៈ ស្ថិតនៅលើសូម្បីការពិចារណាខាងផ្នែកតក្កសាស្រ្ត និងការឲ្យហេតុផល (អតក្ការចរៈ) យើងកាន់តែនាំគ្នាវិភាគវែកញែក និងសន្និដ្ឋានរឿងទាក់ទងទៅនឹងនិរវាណៈ ដែលជាបរមត្ថសច្ចៈនេះច្រើនប៉ុណ្ណា ក៏កាន់តែនាំឲ្យខាតបង់ពេលវេលា ដោយឥតប្រយោជន៍ប៉ុណ្ណោះដែរ ព្រោះថាយើងនឹងមិនអាចយល់ច្បាស់អំពីនិរវាណៈដោយវិធីនេះបានឡើយ ដូចគ្នាទៅនឹងក្មេង ដែលកំពុងរៀននៅថ្នាក់មត្តេយ្យ នឹងឲ្យគេទៅវិភាគវែកញែក រឿងដែលទាក់ទងទៅនឹងទ្រឹស្តីគណិតវិទ្យាថ្នាក់ទី ១២ នោះ គឺប្រាកដជាមិនអាចធ្វើទៅបានឡើយ ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើគេបានសិក្សារៀនសូត្រ ដោយក្តីឧស្សាហ៍ព្យាយាម ទៅតាមលំដាប់លំដោយនោះ ថ្ងៃណាមួយគេប្រាកដជាអាចយល់បាន នូវរឿងទាំងនេះជាក់ជាមិនខាន ។ និរវាណៈបុគ្គលអាចនឹង " ដឹងច្បាស់ឃើញច្បាស់បានដោយបញ្ញារបស់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ " (បច្ចត្តំ វេទិតព្វោ វិញ្ញូហូ) ។ ប្រសិនបើយើងធ្វើដំណើរ (បដិបត្តិ) តាមអរិយមគ្គ ដែលព្រះពុទ្ធអង្គទ្រង់បានសម្តែងទុកមក ប្រកបដោយការប្រឹងប្រែងព្យាយាម ធ្វើការហ្វឹកហាត់ដុសខាត់ជម្រះចិត្តរបស់ខ្លួន ឲ្យបានស្អាតបរិសុទ្ធយ៉ាងពិតប្រាកដ ទាំងអាចឲ្យសម្រេចបានដល់ការចម្រើនអប់រំផ្លូវចិត្តដ៏ក្រៃលែង ឥតឈប់ឈរឡើងថែមទៀតនោះ ថ្ងៃណាមួយយើងក៏អាចនឹងដឹងច្បាស់ដោយខ្លួនឯងថា និរវណៈ គឺមានពិតនៅក្នុងខ្លួនរបស់យើងនេះផ្ទាល់តែម្តង ដោយមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលា ទៅជាមួយនឹងការជជែកតវ៉ាគ្នាដោយពាក្យពេចន៍ ដែលកាន់តែនិយាយក៏កាន់តែធ្វើឲ្យឆ្ងល់ខ្លាំងឡើងថែមទៀតនោះឡើយ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន កុសល ។ ដោយ៥០០០ឆ្នាំ |