30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៩៨៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៤,១៧៦
សរុប ៣៨៩,៨៦៦,៦៦០
អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៩,៩៣៧ ដង)

ជុណ្ហជាតក



 

 ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវពរដែលព្រះអានន្ទត្ថេរបានទទួល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះជាដើម ។

ពិតមែនហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគមិនមានអ្នកឧបដ្ឋាកឲ្យជាប់ជានិច្ច អស់កាល ២០ ​វស្សា ។ ជួនកាល ព្រះថេរនាគសមាលៈ, ជួនកាល ព្រះនាគិតៈ, ជួនកាល ព្រះឧបវាណៈ, ជួន​កាល​ ព្រះសុនក្ខត្តៈ, ជួនកាល ព្រះចន្ទៈ, ជួនកាល ព្រះនន្ទៈ, ជួនកាល ព្រះសាគតៈ, ជួនកាល ព្រះមេឃិយៈ ជាអ្នកឧបដ្ឋាកព្រះមានព្រះភាគ ។ ក្នុងថ្ងៃមួយ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតចាស់ហើយ ភិក្ខុទាំងឡាយខ្លះ កាលតថាគតពោលថា យើងនឹងទៅដោយផ្លូវនេះ ក៏នាំគ្នាទៅដោយផ្លូវដទៃ ភិក្ខុពួកខ្លះដាក់ចុះនូវបាត្រនិងចីវររបស់តថា​គត​លើផែនដី អ្នកទាំងឡាយចូរដឹងនូវភិក្ខុមួយរូបឲ្យជាអ្នកឧបដ្ឋាករបស់តថាគតជាប់ជានិច្ច ។

ព្រះមានព្រះភាគ ទ្រង់ហាមព្រះថេរៈទាំងឡាយមានព្រះសារីបុត្រជាដើម ដែលក្រោកឡើង ផ្គងអញ្ជលី ដោយសិរសា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ដោយព្រះតម្រាស់ថា កុំឡើយអ្នកទាំងឡាយ សេចក្ដីប្រាថ្នារបស់អ្នកទាំងឡាយដល់បំផុតហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងព្រះអានន្ទត្ថេរថា ម្នាលអាវុសោ អ្នកចូរសូមតំណែងជាអ្នកឧបដ្ឋាក ។ ព្រះអានន្ទត្ថេរសូមពរទាំងឡាយ ៨ នេះគឺ ការបដិសេធ ៤ ការសូមអង្វរ ៤ គឺថា   

    ១. សចេ មេ ភន្តេ ភគវា អត្តនា លទ្ធចីវរំ ន ទស្សតិ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគកុំប្រទានចីវរ ដែលព្រះអង្គបានមក ដល់ខ្ញុំព្រះអង្គ ។
    ២. បិណ្ឌបាតំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានបិណ្ឌបាតដល់ខ្ញុំព្រះអង្គ ។       
    ៣. ឯកគន្ធកុដិយំ វសិតុំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានការនៅក្នុងព្រះគន្ធកុដិតែមួយជាមួយនឹងខ្ញុំព្រះអង្គ  ។
    ៤. មំ គហេត្វា និមន្តនំ ន គមិស្សតិ សូមព្រះមានព្រះភាគកុំកាន់យកខ្ញុំព្រះអង្គ ទៅកាន់ទីនិមន្ត ។
    ៥. សចេ បន ភគវា មយា គហិតំ និមន្តនំ គមិស្សតិ សូមព្រះមានព្រះភាគយាងទៅកាន់ទីនិមន្តដែលព្រះខ្ញុំអង្គបានទទួល ។
    ៦. សចេ អហំ តិរោរដ្ឋា តិរោជនបទា ភគវន្តំ ទដ្ឋុំ អាគតំ បរិសំ 
អាគតក្ខណេយេវ ទស្សេតុំ លភិស្សាមិ ប្រសិនបើខ្ញុំព្រះអង្គនាំបរិស័ទដែលមកគាល់ព្រះមានព្រះភាគ ដែលមកអំពីខាងកៅដែន អំពីខាងក្រៅជនបទ ខ្ញុំព្រះអង្គនឹងបានដើម្បីនឹងសម្ដែងនូវបរិស័ទនោះ ក្នុងខណៈដែលនាំមកនោះឯង ។
    ៧. យទា មេ កង្ខា ឧប្បជ្ជតិ, តស្មិំ ខណេយេវ ភគវន្តំ ឧបសង្កមិតុំ 
លភិស្សាមិ សេចក្ដីសង្ស័យនឹងកើតឡើងដល់ខ្ញុំព្រះអង្គក្នុងកាលណា ខ្ញុំព្រះអង្គនឹងបានដើម្បីចូលគាល់ព្រះមានព្រះភាគ ក្នុងខណៈនោះឯង ។
    ៨. សចេ យំ ភគវា មម បរម្មុខា ធម្មំ កថេតិ, តំ អាគន្ត្វា មយ្ហំ កថេស្សតិ បើព្រះមានព្រះភាគសម្ដែងធម៌ណាក្នុងទីកំបាំងរបស់ខ្ញុំព្រះអង្គ ហើយយាងមក សូមទ្រង់សម្ដែងធម៌នោះដល់ខ្ញុំព្រះអង្គ ។ 


ខ្ញុំព្រះអង្គនឹងឧបដ្ឋាកព្រះមានព្រះភាគ ដោយអាការៈយ៉ាងនេះ ចំណែកព្រះមានព្រះភាគក៏បានប្រទានហើយដល់ព្រះអានន្ទ ។ ចាប់តាំងអំពីពេលនោះមក ព្រះអានន្ទនោះក៏បានជាអ្នកឧបដ្ឋាកជាប់ជានិច្ច អស់កាល ២៥ វស្សា ។

ព្រះអានន្ទដល់នូវការតាំងទុកក្នុង ឋានៈជាឯតទគ្គៈ ៥ និងប្រកបដោយសម្បទា ៧ នេះ គឺ អាគមសម្បទា (ដល់ព្រមដោយបរិយត្តិ) ១ អធិគមសម្បទា (ដល់ព្រមដោយការចាក់ធ្លុះ) ១ បុព្ពហេតុសម្បទា (ដល់ព្រមដោយហេតុជាខាងដើម) ១ អត្តត្ថបរិបុច្ឆាសម្បទា (ដល់ព្រមដោយការសួរដើម្បីប្រយោជ៍ដល់ខ្លួន) ១ តិត្ថវាសសម្បទា (ដល់ព្រមដោយការនៅដោយឧបាយ) ១ យោនិសោមនសិការសម្បទា (ដល់ព្រមដោយការធ្វើទុកក្នុងដោយឧបាយនៃប្រាជ្ញា) ១ ពុទ្ធូបនិស្សយសម្បទា (ដល់ព្រមដោយឧបនិស្ស័យនៃការត្រាស់ដឹង) ១ ហើយបានទទួលមត៌កគឺពរ ៨ ប្រការក្នុងសម្នាក់នៃព្រះពុទ្ធ លោកប្រាកដ (ល្បីល្បាញ) ក្នុងព្រះពុទ្ធសាសនា ប្រាកដដូចជាព្រះចន្ទ្រក្នុងកណ្ដាលអាកាស ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតបានឲ្យព្រះអានន្ទត្ថេរត្រេកអរដោយការប្រទានពរ ។

ព្រះសាស្ដាស្ដេចយាងហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ សូម្បីពរណាៗដែលអានន្ទសូមហើយ តថាគតក៏បានឲ្យពរនោះៗ ដូច្នេះហើយ ទើបព្រះអង្គនាំអតីតនិទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វបានជាបុត្ររបស់ព្រះរាជានោះ ទ្រង់មានព្រះនាមថា ជុណ្ហកុមារ ស្ដេចបានសិក្សាសិល្បសាស្ត្រក្នុងនគរតក្កសិលា ព្រះអង្គឲ្យការប្រកបរឿយៗដល់អាចារ្យ ក្នុងវេលាងងឹតដែលជាចំណែកនៃរាត្រី ទើបចេញអំពីផ្ទះរបស់អាចារ្យ ទៅកាន់លំនៅរបស់ខ្លួនដោយរហ័ស ។

កាលមិនឃើញព្រាហ្មណ៍ណាមួយ ដែលត្រាច់បិណ្ឌបាត មកកាន់លំនៅរបស់ខ្លួន បានប្រហារ (ពេលរត់ទៅបានកៀរ) ភាជនៈភត្តរបស់ព្រាហ្មណ៍នោះដោយដើមដៃឲ្យបែក ព្រាហ្មណ៍ដួលចុះហើយស្រែក​យំ ។ ព្រះកុមារបានត្រឡប់មកវិញដោយសេចក្ដីករុណា កាន់ដៃព្រាហ្មណ៍នោះឲ្យងើបឡើង ។

ព្រាហ្មណ៍ពោលថា នែអ្នក អ្នកធ្វើភាជនៈភិក្ខារបស់យើងឲ្យបែកហើយ អ្នកចូរឲ្យតម្លៃនៃភត្តដល់យើង ។ ព្រះកុមារពោលថា បពិត្រព្រាហ្មណ៍ ឥឡូវនេះ ខ្ញុំមិនអាចឲ្យតម្លៃនៃភត្តដល់លោកបានទេ ខ្ញុំជាបុត្ររបស់ព្រះរាជាដែនកាសី ឈ្មោះ ជុណ្ហកុមារ ចាំខ្ញុំបានតាំងនៅក្នុងរាជសម្បត្តិសិន សូមលោកមកសូមទ្រព្យនឹងខ្ញុំចុះ ដូច្នេះហើយ កាលសិក្សាសិប្បៈចប់ហើយ ព្រះកុមារថ្វាយបង្គំលាអាចារ្យ ទៅកាន់នគរពារាណសី ហើយសម្ដែងសិប្បៈដល់ព្រះរាជបិតា ។

ព្រះរាជបិតាគិតថា យើងកាលមានជីវិតនឹងឃើញបុត្រ យើងនឹងឃើញនូវបុត្រនោះបានជាស្ដេច គិតដូច្នេះហើយ ទើបអភិសេកបុត្រក្នុង រាជសម្បត្តិ ។ ព្រះរាជបុត្រនោះបានជាព្រះរាជា មានព្រះនាមថា ជុណ្ហរាជ ហើយធ្វើរាជប្រកបដោយធម៌ ។ ព្រាហ្មណ៍បានស្ដាប់រឿងនោះហើយ គិតថា ឥឡូវនេះ យើងនឹងទៅនាំយកតម្លៃភត្តរបស់យើង ដច្នេះហើយ ទើបទៅកាន់នគរពារាណសី គាត់បានឃើញព្រះរាជា កំពុងប្រទក្សិណនគរដែលប្រដាប់តាក់តែងហើយ ក៏ឈរនៅលើទីខ្ពស់មួយ លាតដៃ ញ៉ាំងនូវសម្រែក​ជ័យ ​។ លំដាប់នោះ ព្រះរាជាស្ដេចមិនបានក្រឡេកមើលព្រាហ្មណ៍នោះឡើយ ហើយកន្លងទៅ ។ ព្រាហ្មណ៍ដឹងថា ព្រះរាជាមិនបានឃើញ កាលញ៉ាំងកថាឲ្យតាំងឡើង ទើបពោលគាថាទី ១ ថា                    
សុណោហិ មយ្ហំ វចនំ ជនិន្ទ,     អត្ថេន ជុណ្ហម្ហិ ឥធានុបត្តោ;
ន ព្រាហ្មណេ អទ្ធិកេ តិដ្ឋមានេ,     គន្តព្ពមាហុ ទ្វិបទិន្ទ សេដ្ឋា។

បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុត ជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយពោលថា កាលព្រាហ្មណ៍ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ ។
ព្រះរាជាស្ដាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ ទើបបញ្ឈប់ដំរីដោយកង្វេរពេជ្រ រួចពោលគាថាទី ២ ថា 

សុណោមិ តិដ្ឋាមិ វទេហិ ព្រហ្មេ,     យេនាសិ អត្ថេន ឥធានុបត្តោ;
កំ វា ត្វមត្ថំ មយិ បត្ថយានោ,     ឥធាគមោ ព្រហ្មេ តទិង្ឃ ព្រូហិ។

ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វី ចំពោះយើង ទើបមកក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ ។

បន្ទាប់ពីនេះទៅ ទើបពោលគាថាដ៏សេស ដោយអំណាចនៃពាក្យសួរ និងពាក្យឆ្លើយ របស់ព្រះរាជា និងព្រាហ្មណ៍នោះ ។

(ព្រាហ្មណ៍ពោលថា)    
ទទាហិ មេ គាមវរានិ បញ្ច,         ទាសីសតំ សត្ត គវំសតានិ;
បរោសហស្សញ្ច សុវណ្ណនិក្ខេ,     ភរិយា ច មេ សាទិសី ទ្វេ ទទាហិ។

សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូលព្រះបង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នា ដល់ទូលព្រះបង្គំផង ។

(ព្រះរាជាត្រាស់ថា)
តបោ នុ តេ ព្រាហ្មណ ភិំសរូបោ,     មន្តា នុ តេ ព្រាហ្មណ ចិត្តរូបា;
យក្ខា នុ តេ អស្សវា សន្តិ កេចិ,     អត្ថំ វា មេ អភិជានាសិ កត្តំ។

ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មេណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មានសភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្សខ្លះ ជាអ្នកស្តាប់ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ ដែលអ្នកធ្វើហើយ ចំពោះយើងឬ ។

(ព្រាហ្មណ៍ពោលថា)
ន មេ តបោ អត្ថិ ន ចាបិ មន្តា,     យក្ខាបិ មេ អស្សវា នត្ថិ កេចិ;
អត្ថម្បិ តេ នាភិជានាមិ កត្តំ,     បុព្ពេ ច ខោ សង្គតិមត្តមាសិ។

ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំមិនមានពួកយក្សខ្លះ ជាអ្នកស្តាប់ទេ ទូលព្រះបង្គំជាខ្ញុំ មិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះបង្គំជាខ្ញុំធ្វើហើយ ចំពោះព្រះអង្គទេ ក្នុងកាលមុន (ទូលព្រះបង្គំជាខ្ញុំ នឹងព្រះអង្គ) គ្រាន់តែបានជួបគ្នាប៉ុណ្ណោះ ។

(ព្រះរាជាត្រាស់ថា)
បឋមំ ឥទំ ទស្សនំ ជានតោ មេ,     ន តាភិជានាមិ ឥតោ បុរត្ថា;
អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ,     កទា កុហិំ វា អហុ សង្គមោ នោ។

តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់អ្នកមុន អំពីកាលនេះទេ យើងសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ យើងបានជួបគ្នា ក្នុងកាលណា ឬក្នុងទីណា ។

(ព្រាហ្មណ៍ពោល ២ គាថា ថា)
គន្ធាររាជស្ស បុរម្ហិ រម្មេ,     អវសិម្ហសេ តក្កសីលាយំ ទេវ;
តត្ថន្ធការម្ហិ តិមីសិកាយំ,     អំសេន អំសំ សមឃដ្ដយិម្ហ។

បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុងក្រុងតក្កសិលា ជាបុរីគួរឲ្យត្រេកអរ របស់សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិចស្មានឹងស្មា ក្នុងទីងងឹត ក្នុងរាត្រីមានអ័ព្ទដ៏ក្រាស់ ។

តេ តត្ថ ឋត្វាន ឧភោ ជនិន្ទ,     សារាណិយំ វីតិសារយិម្ហ តត្ថ;
សាយេវ នោ សង្គតិមត្តមាសិ, តតោ ន បច្ឆា ន បុរេ អហោសិ។

បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរនាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់ពាក្យគួរឲ្យរឭកក្នុងទីនោះ នោះឯងឈ្មោះថា ការជួបគ្នានៃយើងខ្ញុំ (ឯការជួបគ្នា) ខាងក្រោយ និងខាងមុខ អំពីកាលនោះ មិនមានឡើយ ។

(ព្រះរាជាត្រាស់ ៤ ព្រះគាថា ថា)
យទា កទាចិ មនុជេសុ ព្រហ្មេ,     សមាគមោ សប្បុរិសេន ហោតិ;
ន បណ្ឌិតា សង្គតិសន្ថវានិ,         បុព្ពេ កតំ វាបិ វិនាសយន្តិ។

មា្នលព្រាហ្មណ៍ ការជួបនឹងសប្បុរស ក្នុងពួកមនុស្ស ក្នុងកាលណា ពួកបណ្ឌិតមិនដែលបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ ។

ពាលាវ ខោ សង្គតិសន្ថវានិ,         បុព្ពេ កតំ វាបិ វិនាសយន្តិ;
ពហុម្បិ ពាលេសុ កតំ វិនស្សតិ,     តថា ហិ ពាលា អកតញ្ញុរូបា។

ចំណែកខាងពួកពាល តែងបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើ ហើយក្នុងកាលមុន គុណសូម្បីច្រើន ដែលគេធ្វើហើយ ចំពោះពួកពាល រមែងបាត់ទៅ ពិតដូច្នោះមែន ពួកពាលមានសភាព ជាមនុស្សអកតញ្ញូ ។

ធីរា ច ខោ សង្គតិសន្ថវានិ,         បុព្ពេ កតំ វាបិ ន នាសយន្តិ;
អប្បម្បិ ធីរេសុ កតំ ន នស្សតិ,     តថា ហិ ធីរា សុកតញ្ញុរូបា។

ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការជួប និងសេចក្តីស្នទិ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ គុណសូម្បីតិច ដែលគេធ្វើហើយ ចំពោះពួកបណ្ឌិត រមែងមិនបាត់ ពិតដូច្នោះមែន ពួកបណ្ឌិតមានសភាព ជាមនុស្សកតញ្ញូល្អ ។ 

ទទាមិ តេ គាមវរានិ បញ្ច,         ទាសីសតំ សត្ត គវំសតានិ;
បរោសហស្សញ្ច សុវណ្ណនិក្ខេ,     ភរិយា ច តេ សាទិសី ទ្វេ ទទាមិ។

យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យភរិយាពីរ ដែលមានរូបសណ្ឋានដូចគ្នា ដល់អ្នក ។

(ព្រាហ្មណ៍ពោលគាថាចុងក្រោយថា)
ឯវំ សតំ ហោតិ សមេច្ច រាជ,     នក្ខត្តរាជារិវ តារកានំ;
អាបូរតី កាសិបតី តថាហំ,         តយាបិ មេ សង្គមោ អជ្ជ លទ្ធោ។

បពិត្រព្រះរាជា ការជួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គជាម្ចាស់នៃដែនកាសី ដូចយ៉ាង (ព្រះចន្ទឋិតនៅក្នុងកណ្តាល) នៃពួកផ្កាយ រមែងពេញឡើង យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ (ពេញប្រៀបបដោយស្រុកជាដើម ដែលព្រះអង្គប្រទានក្នុងថ្ងៃនេះ ក៏យ៉ាងនោះដែរ) ព្រោះការជួបនឹងព្រះអង្គ ខ្ញុំបានហើយ ក្នុងថ្ងៃនេះ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ  ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា  តទា ព្រាហ្មណោ អានន្ទោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជា អានន្ទ ។
រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។
ចប់ ជុណ្ហជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១២)
ដោយខេមរ អភិធម្មាវតារ
ព.ស. ២៥៦១

 

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,៩១៤ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,១២២ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿