30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៤,០០១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧០៤,៦១៩
សរុប ៣៨៩,៧៨៧,១០៣
អានអត្ថបទ
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ៥,៨៤៣ ដង)

បានីយជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។

សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។

ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំង​ឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹក​ពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បាន​លួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។

លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ 

មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយ​ត្រឡប់គិត​​វិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។  មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។

ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។

លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។

កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។

នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ 

នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។

ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តា ហោថ ​ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។    

ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ​ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈាន​ទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា      

(ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា)
មិត្តោ មិត្តស្ស បានីយំ,         អទិន្នំ បរិភុញ្ជិសំ;
តេន បច្ឆា វិជិគុច្ឆិំ,         តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ,         តស្មា បព្ពជិតោ អហំ។

អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។

(ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា)
បរទារញ្ច ទិស្វាន,         ឆន្ទោ មេ ឧទបជ្ជថ;
តេន បច្ឆា វិជិគុច្ឆិំ,         តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ,         តស្មា បព្ពជិតោ អហំ។

សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។

(ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា)
បិតរំ មេ មហារាជ,         ចោរា អគណ្ហុ កាននេ;
តេសាហំ បុច្ឆិតោ ជានំ,         អញ្ញថា នំ វិយាករិំ។
តេន បច្ឆា វិជិគុច្ឆិំ,         តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ,         តស្មា បព្ពជិតោ អហំ។
បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។

(ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា)
បាណាតិបាតមករុំ,         សោមយាគេ ឧបដ្ឋិតេ;
តេសាហំ សមនុញ្ញាសិំ។
តេន បច្ឆា វិជិគុច្ឆិំ,         តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ,         តស្មា បព្ពជិតោ អហំ។
ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។

(ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា)
សុរាមេរយមាធុកា,         យេ ជនា បឋមាសុ នោ;
ពហូនំ តេ អនត្ថាយ,         មជ្ជបានមកប្បយុំ;
តេសាហំ សមនុញ្ញាសិំ។
តេន បច្ឆា វិជិគុច្ឆិំ,         តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ,         តស្មា បព្ពជិតោ អហំ។
ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។

ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។

បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បាន​ផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។  បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដី​ថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទ​ថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។

បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថា សោម​យាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធី​សោម​យាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេច​ក្ដី​ថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនា បឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ 

ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា  

ធិរត្ថុ សុពហូ កាមេ,         ទុគ្គន្ធេ ពហុកណ្ដកេ;
យេ អហំ បដិសេវន្តោ,         នាលភិំ តាទិសំ សុខំ។

គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។

បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ  គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។

លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា   

មហស្សាទា សុខា កាមា,     នត្ថិ កាមា បរំ សុខំ;
យេ កាមេ បដិសេវន្តិ,         សគ្គំ តេ ឧបបជ្ជរេ។

កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។

បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។

ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ  នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា 

អប្បស្សាទា ទុខា កាមា,     នត្ថិ កាមា បរំ ទុខំ;
យេ កាមេ បដិសេវន្តិ,         និរយំ តេ ឧបបជ្ជរេ។ 

កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។

អសី យថា សុនិសិតោ,         នេត្តិំសោវ សុបាយិកោ;
សត្តីវ ឧរសិ ខិត្តា,         កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។

អង្គារានំវ ជលិតំ,             កាសុំ សាធិកបោរិសំ;
ផាលំវ ទិវសំតត្តំ,             កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។

វិសំ យថា ហលាហលំ,         តេលំ បក្កុថិតំ យថា;
តម្ពលោហវិលីនំវ,         កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។

បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថា នេត្តិំសោ ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។

ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា

តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។
ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។
រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។
ចប់ បានីយជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤)
ដោយខេមរ អភិធម្មាវតារ

 
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៩៥១ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២៨,០៩៣ ដង)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៧,៥២៤ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៤៧៣ ដង)
គុណបិយវាចា (សម្តី​គួរ​ឲ្យ​ស្រឡាញ់, សម្តី​សុភាព)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿