30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,២៧៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៦០០,៣០២
សរុប ៣៩០,៦៨២,៧៨៦
អានអត្ថបទ
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ៧,១៥៣ ដង)

វិរោចជាតក



ស្តាប់សំឡេង

 

វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា)
ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ 
ជាតក ឯកកនិបាត កកណ្ដកវគ្គ 
បិដកលេខ ៥៨ ទំព័រ ៦៣
ព.ស. ២៥៦១

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។   

សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។

ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។   

ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅ ៈ
   
អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ 
    
គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ 
    
ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។
    
លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់ សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ 

ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ  ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាល ល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ 
    
ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា
លសី ច តេ និប្ផលិតា,         មត្ថកោ ច បទាលិតោ;
សព្ពា តេ ផាសុកា ភគ្គា,     អជ្ជ ខោ ត្វំ វិរោចសិ។

ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។

បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ 
បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។
ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា 
តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។
សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។

ចប់ វិរោចជាតក ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ )

ដោយ៥០០០ឆ្នាំ


 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,២៧៣ ដង)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿