សូមប្រយ័ត្នផង ទទេៗ ធ្វើតាមតិរ្ថីយ៍ ដោយមិនដឹងខ្លួន ហើយប្រកាសខ្លួនថាជាពុទ្ធបរិស័ទ ពេញក្រអូមមាត់ ទៀតផងក៏មាន !
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាងៈ
១- បុគ្គលទទួលសុខទុក្ខក្នុងជាតិនេះព្រោះអំពើបានធ្វើហើយក្នុងជាតិមុន(ប្រកាន់យកកម្មចាស់ទាំងស្រុង ដែលព្រះពុទ្ធលោកពិចារណាទាំងកម្មចាស់និងកម្មថ្មី មិនឲ្យដេកដួលតាមកម្ម ត្រូវតស៊ូ កែខៃកម្ម មិនព្រមទទួលយកតាមព្រហ្មលិខិតជាដាច់ខាតបើមិនទាន់បានប្រើគំនិតខ្លួនឯងជាមុនទេ)។កុំសម្លាប់គំនិតខ្លួនឯងដោយការយល់ព្រមរស់តាមកម្មឲ្យសោះ បើខ្លួនរស់នៅលើដី ជនជាតិណាគេធ្វើអ្វីបានយើងក៏ត្រូវតែធ្វើឲ្យបានដូចគេដែរ ។
២- បុគ្គលទទួលសុខទុក្ខព្រោះតែទេវតាឬព្រះអាទិទេពចាត់ចែងឲ្យ ព្រោះហេតុនេះភារៈរបស់យើងគឺការអង្វរក លន់តួព្រះអាទិទេពនិងការធ្វើតាមហឫទ័យទ្រង់ បញ្ហានេះព្រះពុទ្ធបានទាត់ចោលទាំងស្រុង។
៣- បុគ្គលទទួលសុខទុក្ខព្រោះមិនមានហេតុបច្ច័យអ្វីទាំងអស់ គឺជារបស់កើតឯងជួបឯងជាភាពចៃដន្យ ។ ព្រះពុទ្ធលោកពន្យល់ថា សុខទុក្ខកើតឡើងព្រោះកម្មចាស់ផងនិងកម្មថ្មីផង ទេវតាអាចជួយយើងក្រោយពីយើងបានជួយខ្លួនឯងហើយ គ្មានអាទិទេពណាអាចចាត់ចែងវាសនាក្រៅពីខ្លួនយើងបានឡើយ ជីវិតគឺជារបស់យើងវាឋិតក្រោមកណ្តាប់ដៃយើង ស្រេចតែយើងប្រើវាទេ កើតជាមនុស្សមិនត្រូវមើលងាយខ្លួនឯងឡើយ មិនត្រូវខ្វះឆន្ទះនិងការព្យាយាមជាដាច់ខាត ។
គរុកម្មប្រែថាកម្មមានទំងន់ធ្ងន់ មានពីរយ៉ាងៈ
១- ផ្នែកកុសលៈបានដល់មហគ្គតកម្មគឺសមាបត្តិ៨ មានរូបឈាន៤និងអរូបឈាន៤។
២- ផ្នែកអកុសលៈបានដល់អនន្តរិយកម្ម៥យ៉ាង(និងនិយតមិច្ឆាទិដ្ឋិមួយ)
គរុកម្មរមែងឲ្យផលមុនកម្មណាៗទាំងអស់ សូមប្រឹងប្រែងធ្វើតែខាងកុសលនិងតាំងចេតនាកុំបីបានធ្វើក្នុងអកុសលឲ្យសោះ ! សូមគ្រប់ៗជាតិកុំឲ្យកើតចិត្តអាក្រក់បែបនោះឲ្យសោះ កុំបីមានសូម្បីតែការនឹកគិត ! ។
ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយវិធីពីរយ៉ាងៈ
១- តាមរបៀបមនុស្សអត់បញ្ញាៈ ស្ងប់ព្រោះបានជះកំហឹងដាក់អ្នកដទៃ បានធ្វើអ្វីៗតាមចិត្តប្រាថ្នា ដែលអាចមានផលវិបាកដោយសារមានការប្រឆាំងតបដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងក៏មាន។មនុស្សបែបនេះជាមនុស្សឥតហេតុផល ត្រូវព្រាត់ញាតិមិត្តគ្មានគេរាប់អានព្រោះជាមនុស្សនោមឆេះ ឬជាមនុស្សភ្លើងចំបើង។
២- តាមរបៀបមនុស្សមានហេតុផលៈ ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយសារសតិនិងបញ្ញាបានកើតឡើងទាន់ពេលវេលា បានរួមកម្លាំងគ្នាជាមួយការអត់ធន់(ខន្តី) ហើយបញ្ចេញវាចាប្រកបដោយហេតុផលនិងការទទួលខុសត្រូវ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ