Monday, 04 Jul B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 117,423
Today
Yesterday 119,563
This Month 462,508
Total ២៦៣,៣៨១,៨៦១
free counters
កំពុងទស្សនា ចំនួន
Articles
images/articles/3287/867ies______5t.jpg
Public date : 02, Jul 2022 (1,157 Read)
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ។ កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទានវស្សាទាំង ៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ ។ បណ្តាទានវស្សាទាំង ៤នោះទាន១ត្រូវតំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទាន១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទានទី៣តំកល់នៅក្នុងហោព្រះខាន់ ទានទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។ ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទានទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទានវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទានព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។ ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធ គឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្ធដែលធ្វើមរណៈកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទាន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទានចូលទៅ គេវេរទានរួចទើបអុជទាននោះជាក្រោយ ។ នៅឱកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូវទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។ ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ (ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ) ដោយ៥០០០ឆ្នាំ
images/articles/2155/text5464sd-1.jpg
Public date : 02, Jul 2022 (21,229 Read)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា សាលាពុទ្ធិក​សិក្សា ​ត្រូវ​បាន​បង្កើតឡើង​​នៅប្រទេសកម្ពុជា ដោយ​ក្តី​បារម្ភផ្នែក​វប្បធម៌ និង​អក្សរ​​សា​ស្ត្រនៃរាជ​ការ​ខ្មែរ និងក្តី​បារម្ភ​របស់រដ្ឋ​ការអាណា​ព្យាបាល​បារាំង​ខ្លាចបាត់​បង់ការ​គ្រប់​គ្រង មក​​​ប្រទេស​ខ្មែរដោយ​សារ​មនោ​គមន៍​វិជ្ជា និងឥទ្ធិពល​នយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជា​​ស្ថាប័នដ៏​សំខាន់​សម្រាប់​វប្បធម៌និង​អក្សរសាស្ត្រជាតិខ្មែរ។
images/articles/2429/11c.jpg
Public date : 02, Jul 2022 (4,982 Read)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​ ពាក្យទោលជាស្រៈ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ (៝) ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (–) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។ ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។ តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។ ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/3197/________________________________________________.jpg
Public date : 02, Jul 2022 (804 Read)
សមាធិ គឺការរក្សាចិត្តឱ្យតាំងនៅស៊ប់ រក្សាចិត្តស្ថិតនៅខ្ជាប់ ការធ្វើឱ្យចិត្តនៅស្មាំស្មើផង ត្រឹមត្រូវផង ជាពិសេសញ៉ាំចិត្តនិងចេតសិកឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយបាន។ ចិត្តនិងចេតសិក មិនមានភាពរាយមាយ មិនរសាត់អណ្ដែតអណ្ដូង ឋិតនៅស្មើល្អត្រឹមត្រូវ អាចឱ្យចិត្តផ្តោតលើអារម្មណ៍តែបាន ព្រោះចិត្តនោះមានសមាធិតម្កល់ស៊ប់មាំល្អ។ សមាធិមានច្រើនប្រភេទ និងច្រើនពួកកាលបើវែកញែក លើកមកបកស្រាយឱ្យសព្វសេចក្ដីនោះ ពុំបានឡើយ។ នៅត្រង់ចំណុចនេះខ្ញុំនឹងលើកយកតែចំណុចដែលសំខាន់ខ្លះៗ ដែលលោកអ្នកអាចយល់បានមកបង្ហាញប៉ុណ្ណោះ។ ហើយក៏មានចំណុចខ្លះ ក៏ខ្ញុំមិនទាន់ច្បាស់ផងដែរ ដ្បិតថាបញ្ញានៅមានកម្រិត ចំណុចខ្លះក៏បានត្រឹមយល់ដោយខ្លួនឯង មិនអាចមានប្រតិពលក្នុងការលើកយកមកពន្យល់ដល់អ្នកដទៃឱ្យយល់បាន។ ហេតុនេះប្រសិនបើលោកអ្នកមានប្រាថ្នាដើម្បីសិក្សាឱ្យបានច្បាស់នោះ សូមទៅរកមើលក្នុងគម្ពីរវិសុទ្ធិមគ្គភាគ១ ឬគម្ពីរសមាធិនិទ្ទេស នោះលោកអ្នកនឹងបានសិក្សាយល់ច្បាស់ដោយពិស្ដាសព្វសេចក្ដី បានជាមិនខាន។ លក្ខណៈនៃសមាធិ គ្រប់យ៉ាងក្នុងលោកនេះសុទ្ធតែមានលក្ខណៈសម្គាល់ចំណាំ សមាធិក៏មានលក្ខណៈបង្ហាញឱ្យដឹងផងដែរ។ ពេលខ្លះយើងច្រើនយល់ច្រឡំថា ក្នុងការធ្វើសមាធិ ទាល់តែអង្គុយពែនភ្នែនតាមដានដង្ហើមចេញដង្ហើមចូល ទើបចាត់ទុកថាកំពុងធ្វើសមាធិ។ ការគិតបែបនោះមិនត្រឹមត្រូវនោះសេចក្ដីនោះឡើយ។ សមាធិប្រៀបដូចជាការរៀនអ៊ីចឹង បុគ្គលដែលអាចរៀនចេះ មិនមែនទាល់តែអង្គុយរៀនក្នុងថ្នាក់រៀន ទើបអាចចេះដឹងបានឯណា ហើយគេអាចសម្គាល់ថាជាអ្នកចេះដឹងបាន គឺគេសម្គាល់ដោយលក្ខណៈផ្សេងៗដូចជា អត្តចរិត សម្ដីសំដៅ និងការដោះស្រាយបញ្ហាប្រឈមបាន ទោះមិនមានសញ្ញាបត្រ ក៏បុគ្គលនោះត្រូវបានគេចាត់ទុកថាជាអ្នកចេះដឹងបានដែរ។ ចិត្តមានសមាធិក៏ដូចគ្នាដែរ ពេលដែលអង្គុយសមាធិ គឺជាការហ្វឹកហាត់ ប្រៀបដូចយើងកំពុងរៀនដូច្នោះ។ បើកាលណាសមាធិហ្វឹកហាត់ស្ទាត់ជំនាញហើយ មិនចាំបាច់ធ្វើរាល់ដងក៏មិនថ្វីដែរ។ លក្ខណៈរបស់សមាធិមាន៤យ៉ាងគឺ • កម្ចាត់នូវសេចក្ដីរាយមាយជាលក្ខណៈ។ • កម្ចាត់នូវការអណ្ដែតអណ្ដូងជាកិច្ច។ • មានការមិនញាប់ញ័រជាផល។ • ញ៉ាំងចិត្តឱ្យតាំងខ្ជាប់ដោយសេចក្ដីសុខហេតុជិត។ ទាំងនេះជាលក្ខណៈនៃសមាធិ។ បុគ្គលដែលប្រាថ្នានូវសេចក្ដីស្ងប់សុខក្នុងចិត្ត មិនគប្បីប្រាសចាកនូវការចម្រើនសមាធិឡើយ។ សេចក្ដីរាយមាយចិត្ត(ឧទ្ធច្ចៈ) គឺមានតែការសមាធិប៉ុណ្ណោះ ទើបអាចទប់ស្កាត់បាន។ ម្យ៉ាងទៀតសមាធិក៏ទប់ស្កាត់សត្រូវក្នុងចិត្ត គឺកិលេសបានផងដែរ។ ប្រសិនបើអ្នកចង់ដឹងថា ចិត្តរបស់ខ្លួនមានសមាធិកម្រិតណា ចូរសាកល្បងពិសោធចិត្ត ដូចជានៅពេលឮអ្វីដែលរន្ធត់ខ្លាំង ចិត្តនៅញាប់ញ័រ ឬភ័យខ្លាំងទេ ពេលឮសំឡេងលាន់ខ្លាំង ដូចជាសំឡេងនៃផ្គរ សំឡេងនៃខ្យល់បក់ទ្វារឬបង្អួចឮសូរគ្រាំង តើនៅមានចិត្តភ្ញាក់ឬភិតភ័យដែរទេ? នៅភ័យខ្លាំងទេ? ប្រសិនបើនៅតែភ្ញាក់ខ្លាំង ដោយគ្រាន់តែឮសំឡេងល្មមៗ នោះចិត្តរបស់អ្នកមិនទាន់មានសមាធិតម្កល់ល្អនោះទេ។ សមាធិពិតមានសារៈប្រយោជន៍ខ្លាំងណាស់ កិច្ចការអ្វីមួយប្រើប្រាសចាកសមាធិហើយ កិច្ចការនោះនឹងមិនប្រព្រឹត្តទៅដោយរលូន ឬធ្វើបានល្អឡើយ។ ដូចជាសាស្រ្តាចារ្យបង្រៀនគណិតវិទ្យាក្ដី រូបវិទ្យាក្ដី សុទ្ធតែត្រូវការមានចិត្តស្ងប់ទើបអាចបង្រៀន ឬដោះស្រាយលំហាត់ចេញបាន។ វិចិត្រករក៏ដូចគ្នាដែរ សុទ្ធតែត្រូវការមានសមាធិ។ បើចិត្តរវើរវាយ រាយមាយ មិនអាចធ្វើអ្វីកើតឡើយ។ ម្យ៉ាងទៀតសមាធិមានជាថ្នាក់ៗ ទៅតាមបុគ្គលដែលមានព្យាយាមខ្លាំងក្នុងការចម្រើន សមាធិនោះមាន៖ សមាធិ៣យ៉ាង • ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងត្រឹមមួយជួរខណៈ តែមិនបានយូរប៉ុន្មាន ក៏រលត់ទៅ វិញ។ • ឧបចារសមាធិ គឺសមាធិដែលមានចិត្តស្ងប់រំងាប់ប្រាសចាកនីវរណៈធម៌ទាំង៥ តែមិនមែនជាអារម្មណ៍របស់អង្គឈាន មានបឋម-ជ្ឈាននោះទេ។ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជាអារម្មណ៍សមាធិ ជាចិត្តដែលជិតបានឈានសមាបត្តិ។ • អប្បនាសមាធិ គឺសមាធិដែលចិត្តគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម។ ចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មានវិតក្ក វិចារ បីតិ សុខ ចិត្តេកគ្គតាជាអង្គ៥។ គ្រប់មនុស្សទាំងអស់ភាគច្រើនស្ថិតនៅក្នុងសមាធិទី១ គឺខណិកសមាធិ។ ទោះបីអ្នកធ្លាប់បានសមាធិខ្លះក្ដី មិនធ្លាប់បានសមាធិក្ដី ភាគច្រើនគឺមានត្រឹមនេះ។ ចិត្តរបស់មនុស្សដែលមិនទាន់ស្ទាត់ជំនាញក្នុងការហ្វឹកហាត់សមាធិទេនោះ គឺស្ងប់បានតែមួយខណៈប៉ុណ្ណោះ តែភ្លេចខ្លួន ភាពរវើរវាយនឹងចូលសណ្ឋិតវិញជាមិនខាន។ ដូច្នេះទើបត្រូវឱ្យមានមនសិការជាប់ជានិច្ច ដោយតាមដានផ្តោតចិត្តទៅលើអ្វីបានកំពុងប្រព្រឹត្ត នោះទើបអាចប្រព្រឹត្តទៅបានល្អ។ មនសិការនោះទៀតសោត ក៏មិនតាំងនៅរហូតដែរ ដូច្នេះទើបបុគ្គលអ្នកឃើញផលក្នុងការចម្រើនសមាធិ តែងតែហ្វឹកហាត់សមាធិជាប្រចាំ។ ចិត្តមិនអាចស្ងប់ ឬនៅតែមិនមានភាពស្ងប់សុខ ប្រសិនបើអ្នកមិនបានចម្រើនសមាធិទេនោះ។ ម្យ៉ាងគួបផ្សំនឹងការបន្ថែមគ្រឿងរំខានចិត្ត គឺនីវរណៈចូលទៅក្នុងចិត្តរាល់ថ្ងៃទៀតនោះ វាពិតជាលំបាកណាស់ ដែលចិត្តរបស់អ្នកមានសមាធិ ទាំងដែលមិនធ្លាប់ហ្វឹកហាត់ចម្រើនទេនោះ។ នៅបណ្ដាប្រទេសលោកខាងលិចប៉ែកអឺរ៉ុប បានយល់ពីតម្លៃនៃសមាធិនេះជាខ្លាំង។ ពួកគេតែងធ្វើសមាធិ ដើម្បីទាញចិត្តឱ្យមូល កុំឱ្យភាពរវើរវាយទាញទៅលិចទៅកើត ដែលធ្វើឱ្យពួកគេមានការតប់ប្រមល់ក្នុងចិត្ត។ នៅឥណ្ឌាក្ដី នៅជប៉ុនក្ដី ភូមាក្ដី ថៃក្ដី ក៏មានអ្នកធ្វើសមាធិច្រើនផង ដែរ។ អ្នកដែលមានវិបត្តិផ្លូវចិត្ត ឬអ្នកដែលមានភាពតប់ប្រមល់ក្នុងចិត្ត តែងទៅមជ្ឈមណ្ឌលអប់រំចិត្ត ដើម្បីហ្វឹកហាត់ទូន្មានចិត្តឱ្យបានល្អ។ ដោយឡែកនៅកម្ពុជាយើងមិនទាន់ជាធ្វើបែបនោះបានដូចជាគេនោះទេ ហើយការយល់ដឹងចំពោះការធ្វើសមាធិក៏នៅមានកម្រិតផងដែរ។ ផ្ទុយទៅវិញមានតែអ្នកបន្លាចឱ្យមនុស្សខ្លាច ថាកុំឱ្យធ្វើសមាធិប្រយ័ត្នបែកកម្មដ្ឋាន ឬគេច្រើនហៅថាឆ្កួតនោះឯង។ តាមពិតទៅសមាធិជាចំណុចដែលគួរប្រកាន់យកណាស់ ព្រោះវាជួយឱ្យចិត្តមានសុខភាពល្អច្រើន។ បើត្រឹមតែធ្វើមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោង ក៏សមល្មមអាចហាត់ពត់ចិត្តឱ្យមានភាពស្ងប់សុខបានដែរ។ ដែលមនុស្សខ្លះធ្វើសមាធិ ឬកម្មដ្ឋាន ក្លាយជាមនុស្សកើតមានះប្រកាន់ខ្លួន កើតឆ្កួតនឹងទិដ្ឋិ និយាយមិនស្ដាប់គ្នានោះ ព្រោះដោយសារការកាន់យកកម្មដ្ឋានដោយមិនបានសិក្សាឱ្យបានច្បាស់នោះឯង ហើយក៏យល់ថាខ្លួនបានសម្រេចគុណធម៌ជាដើម ដែលនេះសុទ្ធតែជាការយល់ច្រឡំរបស់ខ្លួនប៉ុណ្ណោះ។ អាការៈបែបនេះ ច្រើនកើតមានលើអ្នកដែលមិនបានរៀនផ្នែកបរិយត្តឱ្យបានច្បាស់លាស់។ ប៉ុន្តែបើអ្នកបានរៀនពីកម្មដ្ឋានបានច្បាស់លាស់ មិនមានអាការៈបែបនោះទេ។ ម្យ៉ាងក្នុងការកាន់យកកម្មដ្ឋាន គឺតម្រូវឱ្យមានសីលបរិសុទ្ធក្នុងខ្លួនផងដែរ ទើបមារមិនអាចជ្រែកចិត្តបាន។ សមាធិទី២ គឺឧបចារសមាធិ។ សព្វថ្ងៃមិនមានមនុស្សច្រើនទេដែលអាចចម្រើនបាន ហើយអាចទៅដល់ចំណុចនោះបាន លុះត្រាឆ្លងកាត់សមាធិទីមួយបានសិន។ បុគ្គលដែលចម្រើនសមាធិបានស្ទាត់ជំនាញ មានចិត្តស្ងប់កាន់តែខ្លាំង បានញ៉ាំងចិត្តឱ្យចូលដល់ឧបចារសមាធិ រមែងអាចកម្ចាត់បង់នូវនីវរណធម៌ទាំង៥ ដែលជាគ្រឿងរំខានចិត្តបាន។ បុគ្គលប្រភេទនេះ ភាពរវើរវាយក្នុងចិត្ត គឺបានកម្ចាត់បង់បានមួយចំណែកធំហើយ។ ដ្បិតថាមិនអាចកាត់ផ្តាច់ចេញពីចិត្តមែន ប៉ុន្តែឧទ្ធច្ចៈ គឺការរវើរវាយនេះ បានដេកសំងំមួយរយៈ(អនុស័យ) ជាហេតុធ្វើបុគ្គលនោះមិនមានអារម្មណ៍អ្វីមករំខានចិត្ត មានតែភាពស្ងប់សុខក្នុងចិត្ត។ សមាធិទី៣ គឺអប្បនាសមាធិ។ បុគ្គលដែលអាចចម្រើនដល់ចំណុចនេះបាន លុះត្រាជាអ្នកដែលមានវិរិយៈខ្លាំងក្នុងការចម្រើនសមាធិ។ ចិត្តរបស់បុគ្គលនោះបានចូលទៅដល់អង្គនៃឈានសមាបត្តិ ដែលចិត្តសោយនូវអារម្មណ៍ដែលជាអង្គឈាន ចិត្តបរិបូរណ៍ដោយវិតក្ក ការត្រិះរិះ វិចារ ការពិចារណា បីតិ សេចក្ដីឆ្អែតរីករាយ សុខ សេចក្ដីសុខចិត្ត ចិត្តេកគ្គតា ការតម្កល់ចិត្តក្នុងអារម្មណ៍តែមួយ។ បុគ្គលដែលបានឈានសមាបត្តិ គឺនីវរណៈ៥មានកាមឆន្ទៈជាដើម គឺត្រូវបានជម្រះចេញពីក្នុងចិត្តហើយ។ ចិត្តនៃបុគ្គលដែលបានឈាន មានរូបជ្ឈានជាដើម គឺមានសេចក្ដីស្ងប់សុខខ្លាំង ជាសុខដែលអ្នកមិនទាន់សម្រេចបាន មិនអាចពិពណ៌នាបានឡើយ ហើយខ្ញុំក៏មិនដឹងថាសេចក្ដីសុខនោះមានទំហំប៉ុណ្ណាដែរ។ ដឹងត្រឹមថា ចិត្តរបស់បុគ្គលនោះ គឺមានភាពស្ងប់សុខ ទៅតាមកម្រិតនៃឈានដែលខ្លួនសម្រេចបាន។ បុគ្គលដែលចង់រួចចាកទុក្ខ ដោយត្រឹមតែការចម្រើនសមាធិ មិនអាចកាត់បង់កិលេសចេញពីចិត្ត ឬកាត់ផ្តាច់អវិជ្ជាចេញពីសន្តានបានឡើយ។ លុះត្រាតែបុគ្គលនោះមានបញ្ញាចាក់ធ្លុះនូវសភាវធម៌ យល់ច្បាស់ពីជីវិត ទើបអាចញ៉ាំងចិត្តឱ្យប្រាសចាកធូលីគឺរាគៈ មិនមានគ្រឿងពួនគឺកិលេសចេញពីចិត្តបាន បុគ្គលនោះរមែងបាននូវសេចក្ដីសុខជាដរាប។ ឥរិយាបថនៃសមាធិ មនុស្សជាច្រើនយល់ច្រឡំថា ការធ្វើការសមាធិ ទាល់តែអង្គុយពែនភ្នែនដាក់ដងខ្លួនឱ្យត្រង់ បិទភ្នែក ជើងស្ដាំងដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ទើបហៅថាធ្វើសមាធិ។ ការធ្វើបែបនោះគឺត្រឹមត្រូវហើយ ប៉ុន្តែការធ្វើសមាធិមិនមែនទាល់តែប្រកាន់យកនូវឥរិយាបថអង្គុយនោះទេ គឺអាចបានគ្រប់ឥរិយាបថ តាមសេចក្ដីប្រាថ្នា និងអធ្យាស្រ័យនៃចិត្តរបស់បុគ្គលដែលចង់ចម្រើន។ ក្នុងឥរិយាបថទាំង៤ យើងចង់កាន់យកឥរិយាបថមួយណាសម្រាប់ធ្វើសមាធិក៏បានដែរ។ ចង់អង្គុយក្ដី ដើរក្ដី ឈរក្ដី ដេកក្ដី ក៏មិនថ្វីដែរ សំខាន់ឱ្យតែមានមនសិការៈក្នុងការតាមដានខ្យល់ដង្ហើមចេញចូល ដោយចូលក៏ដឹង ចេញក៏ដឹង គ្រប់ខណៈនៃចិត្តប្រព្រឹត្តទៅគឺល្អហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានកំណត់នូវឥរិយាបថនៃសមាធិនោះទេ បុគ្គលធ្វើបែបណាស្រួល ក៏ធ្វើបែបនោះទៅ ប៉ុន្តែយកការអង្គុយជាធំ។ សមាធិប្រៀបដូចជាយើងធ្វើលំហាត់គណិតវិទ្យាអ៊ីចឹង គណិតមិនមែនចេញបានតែមួយច្រកនោះទេ វាមានរបៀបផ្សេងៗទៀតក្នុងការដោះស្រាយ។ គ្រាន់តែថា បើវិធីណាដែលលឿន ក៏ធ្វើវិធីនោះទៅ សំខាន់គឺដោះស្រាយចេញបាន។ សមាធិក៏ដូចគ្នាដែរ គោលបំណងសំខាន់បំផុត គឺញ៉ាំងចិត្តឱ្យស្ងប់សុខ។ មិនថាវិធីណាក៏ដោយ បើធ្វើទៅកាយប្រព្រឹត្តបានស្រួល ចិត្តស្ងប់សុខ ក៏ប្រកាន់យកទៅ កុំចាំបាច់ទាល់តែតាមក្បួនខ្នាតធ្វើអ្វី! គ្រាន់តែថា បើយើងដេកតាមដានខ្យល់ចេញខ្យល់ចូល វាមិនបានយូរ ព្រោះយើងច្រើនតែសមាធិដេក មិនមែនដេកសមាធិហ្នឹងឯង។ ប៉ុន្តែឥរិយាបថ៣ទៀត មានការដើរក្ដី ឈរក្ដី ដូចជាព្រះភិក្ខុសម័យព្រះ ក៏លោកដើរចង្ក្រមតាមដានខ្យល់ចេញខ្យល់ចូល ចិត្តរបស់លោកក៏ប្រាសចាកភាពងោកងុយ ចិត្តមូលល្អ មិនបែបខ្ញែក។ ដំណើរនៃការធ្វើសមាធិ ក្នុងការចម្រើនសមាធិក៏ត្រូវធ្វើតាមដំណើរតាមលំដាប់ផងដែរ។ ប្រសិនបើមិនយល់ដំណើររបស់សមាធិទេនោះ ការព្យាយាមរបស់យើង នឹងក្លាយជាអសារបង់ ឬក៏មិនមានចិត្តនឹងព្យាយាមបានយូរជាដើម។ ដូច្នេះអ្នកត្រូវដឹងពីដំណើររបស់ជាមុនសិន ដំណើរនោះមាន៖ រកកន្លែងស្ងាត់ សម្រាប់ចិត្តបុគ្គលដែលមានសមាធិតម្កល់ល្អ មានព្រះសម្មាសម្ពុទ្ធជាដើម ទីកន្លែងលែងជាបញ្ហាចោទសម្រាប់ទ្រង់ទៀតហើយ។ ទោះបីនៅជុំវិញមានសំឡេងអ៊ូរអរក្ដី សំឡេងនៃតូរ្យតន្ត្រីក្ដី សំឡេងដែលស្រែកជេរទ្រង់ក្ដី ឬសំឡេងនៃសត្វផ្សេងៗដែលឮហើយគួរឱ្យមួម៉ៅក្ដី ក៏ចិត្តរបស់ទ្រង់មិនមានការបែកខ្ញែកចាកអារម្មណ៍តែមួយដែរ។ ប៉ុន្តែសម្រាប់មនុស្សដែលទើបនឹងចាប់ផ្ដើមដំបូងៗ ជាការសំខាន់ណាស់ដែលត្រូវស្វែងរកទីស្ងាត់ ចាកសំឡេងទាំងឡាយ ដែលអារម្មណ៍ទាំងឡាយរំខានដល់ចិត្ត។ ប្រសិនបើអ្នកទៅធ្វើសមាធិក្បែរសំឡេងធុងបាស សមាធិកន្លែងដែលមនុស្សជជែកគ្នាជាដើម នោះចិត្តរបស់អ្នកនឹងតោងចាប់យកអារម្មណ៍ គឺសំឡេងនោះៗជាមិនខាន។ ដូច្នេះគួរទីស្ងាត់ ទើបជាការល្អ! រៀបចំអង្គុយពែនភ្នែន ក្នុងឥរិយាបថទាំង៤ធ្វើមួយណាក៏បាន ម្ដេចចាំបាច់អង្គុយ? ព្រោះអង្គុយ គឺអាចបណ្ដេញថីនមិទ្ធៈ គឺការងោកងុយ ការរួញរាចេញពីក្នុងចិត្តបាន។ ដូចលោកអ្នកអានសៀវភៅក៏ដូចគ្នាដែរ ប្រសិនបើមិនចង់ឱ្យងងុយដេកពេលអាន ចូរអង្គុយអាន កុំដេកអានឡើយ។ ម្យ៉ាងទៀតក្នុងការអង្គុយពែនភ្នែន គឺធ្វើដូចព្រះពុទ្ធរូប ដែលយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ឱនខ្លួនទៅមុខ ដោយសង្កត់ជង្គង់ឆ្វេងស្ដាំ ដើម្បីឱ្យមានលំនឹងល្អ។ អង្គុយឱ្យត្រង់ខ្លួន ការអង្គុយឱ្យត្រង់ខ្លួនក្នុងបំណងដើម្បីបំបាត់ភាពឈឺចាប់ផ្នែករាងកាយ ព្រោះថាបើយើងអង្គុយកោងខ្នង នោះទម្ងន់នៃរាងកាយវានឹងសង្កត់ត្រង់ឆ្អឹងខ្នងផ្នែកកណ្ដាល ដែលជាហេតធ្វើឱ្យយើងចុករោយចង្កេះ។ បើកាលណាកាយចុករោយ ចិត្តក៏ចុករោយតាមកាយផងដែរ។ ម្យ៉ាងចូរឱនក្បាលចុះក្រោមបន្តិច ដាក់ភ្នែកចុះក្រោមដោយមើលទៅទីខាងមុខ ត្រឹមមួយម៉ែត្រ ឬទម្លាក់ភ្នែកចុះត្រឹម៤៥ដឺក្រេ។ បន្ទាប់មកចាប់ផ្ដើមបិទភ្នែកដោយសន្សឹមៗ កុំបង្ខំបិទ ឬប្រឹងធ្មេញភ្នែកឡើយ។ ត្រូវមានសតិតាមដានខ្យល់ចេញខ្យល់ចូល ការធ្វើសមាធិចាំបាច់ក្នុងការតាំងសតិឱ្យស៊ប់ ដើម្បីទាញចិត្តឱ្យស្ថិតក្នុងអារម្មណ៍តែមួយ។ ដោយការតាមដឹងខ្យល់ នៅពេលចេញក៏ដឹងថាកំពុងដកចេញ នៅដកចូលក៏ដឹងថាកំពុងដកចូល ត្រូវធ្វើបែបនេះជាប្រចាំ។ ម្យ៉ាងក្នុងការដកដង្ហើមចេញ ចូរដកចូលមួយៗ កុំប្រឹងដកឡើយ។ ពេលដកចេញ ក៏ព្រលែងខ្យល់មួយៗ ដកចេញយ៉ាងណា កុំឱ្យឮសំឡេងខ្យល់ដង្ហើមឡើយ។ ខណៈពេលកំពុងចម្រើនប្រសិនបើចិត្តរបស់អ្នកមិននៅមួយកន្លែងចេះតែគិត ចេះតែឃើញសកម្មភាពដែលធ្វើពីមុនមក ចេះតែលេចអណ្ដែតឮសំឡេងចម្រៀងដែលបានស្ដាប់ពីថ្ងៃ ចូរឈប់ដកដង្ហើមចេញចូល រួចយកអណ្ដាតរុញទល់នឹងពិតានខាងលើនៃមាត់ ប្រឹងទប់ទាល់តែទ្រាំលែងបាន ចាំព្រលែងវិញ ធ្វើដូច្នេះចិត្តនឹងភ័យ ហើយរត់ចូលក្នុងខ្លួនអ្នកវិញមិនខាន។ ប្រការដំបូងរបស់មនុស្សដែលទើបនឹងចាប់ផ្ដើម តែងមានការចុករោយចង្កេះ ជាពិសេសគឺចិត្តមិនអាចទ្រាំបាន។ ប្រការនេះមានស្ទើរគ្រប់គ្នា អ្វីដែលសំខាន់ អ្នកត្រូវហ្វឹកហាត់បន្តិចម្ដងៗ ធ្វើវាជារៀងរាល់ថ្ងៃ យូរទៅគង់នឹងស្ទាត់ យូរទៅគង់នឹងធ្វើបានយូរជាមិនខាន។ ម្យ៉ាងទៀតអ្វីដែលសំខាន់អ្នកត្រូវមានវិន័យសម្រាប់ខ្លួនឯង បើថាតាំងចិត្តធ្វើសមាធិកន្លះម៉ោង ត្រូវតែធ្វើឱ្យបាន ទោះបីជាមិនអាចទ្រាំបានក៏ដោយ។ ដែលថាទ្រាំមិនបានមកពីចិត្តមិនចេះទ្រាំប៉ុណ្ណោះ។ កុំបណ្ដោយតាមចិត្តខ្ជិលឡើយ ចិត្តខ្ជិលជាអកុសលដែរ អកុសលតែងតែរំខានចិត្តកុសលអ៊ីចឹងហើយ ដូច្នេះកុំទម្លាប់ខ្លួនតាមចិត្តខ្ជិលមួយឆាវឡើយ ព្រោះបែបនេះអ្នកនឹងធ្លាប់ជារហូត។ សមាធិធ្វើឱ្យកើតបញ្ញាដែរឬទេ? អង្គនៃការសមាធិ គឺធ្វើឱ្យចិត្តស្ងប់តែម្យ៉ាង ធ្វើចិត្តមូល មិនរវើរវាយទៅកាន់អារម្មណ៍ផ្សេង។ សមាធិ គឺធ្វើឱ្យចិត្តបរិសុទ្ធ ធ្វើឱ្យចិត្តប្រាសចាកនូវការប្រាថ្នាក្នុងអារម្មណ៍ទាំងពួង ធ្វើឱ្យចិត្តលះបង់នូវការគុំកួនព្យាបាទ លះនូវភាពខ្ជិលច្រអូស និងការសង្ស័យក្នុងចិត្តឱ្យស្រាល។ ការសមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ។ ប៉ុន្តែសមាធិ គឺជាគ្រឹះនៃការធ្វើវិបស្សនា ដែលវិបស្សនាទើបជាហេតុនាំឱ្យកើតបញ្ញា។ សមាធិជាឈ្នាន់ធ្វើកើតញាណទស្សនៈ គឺការដឹងច្បាស់ដោយបញ្ញាទៅតាមសភាវៈពិតក្នុងជីវិត។ មានតែការចម្រើនវិបស្សនាប៉ុណ្ណោះ ទើបធ្វើឱ្យកើតបញ្ញា។ សមាធិមិនមែនជាវិបស្សនានោះទេ តែសមាធិបាតគ្រឹះនៃការចម្រើនវិបស្សនា។ សមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ ប៉ុន្តែគ្មានសមាធិបញ្ញាមិនអាចកើតឡើងបានឡើយ។ រក្សាសិទ្ធិស្រាវជ្រាវដោយ អត្ថបទជីវិត ឯកសារយោងគម្ពីរវិសុទ្ធិមគ្គភាគ១ ប្រភពហ្វេសប៊ុក ដោយ៥០០០ឆ្នាំ
images/articles/3285/453wewer344rfere.jpg
Public date : 02, Jul 2022 (715 Read)
បរាភវសូត្រ ស្រង់ចេញពីព្រះត្រៃបិដក [១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាល​ដែលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏រុងរឿង ញុំាងវត្ត​ជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺ​ស្វាងហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយស្ថិត​ក្នុងទីសមគួរ ។ លុះ​ទេវតានោះ ស្ថិតនៅ​ក្នុងទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា ។ [១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏​ចម្រើន​ (ដោយគិតថា)​យើង​ទាំងទ្បាយ សូមសួរ​អំពីបុរស​បុគ្គល ដែលមាន​សេចក្តីវិនាស​ចុះអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។ (ព្រះមានព្រះភាគ ត្រាស់ថា) ១. បុរសដែល​ចម្រើន​ ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយ​បុរស​ដែលវិនាស ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយដែរ​ បុគ្គលអ្នក​ប្រាថ្នាធម៌ រមែង​ចម្រើន​ អ្នកស្អប់ធម៌ រមែងវិនាស ។ យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តីវិនាសទី ១ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។ ២. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី​ ​២ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។ ៣. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដ​តែខាង​ក្រោធក្តី នោះជា​ប្រធាន​នៃសេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី​វិនាសទី ៣ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៤ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។ ៤. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លង​ហើយ នោះ​ជាប្រធាន​នៃសេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៤ បពិត្រ​ព្រះមាន​ព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៥ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។ ៥. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូម​ដទៃក្តី ដោយពាក្យ​កុហក នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៥ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៦ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។ ៦. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរ​ច្រើន មានប្រាក់ សម្បូណ៌​ភោជន​បរិភោគ​នូវភោជន​មានរសឆ្ងាញ់​តែម្នាក់ឯង នោះជា​ប្រធាននៃ​សេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៦ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៧ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។ ៧. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាង​ទ្រព្យ​ក្តី រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី ហើយ​មើលងាយ​ញាតិរបស់​ខ្លួន នោះ​ជា​ប្រធាននៃ​សេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាស ទី ៧ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៨ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។ ៨. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់​ក្តី រមែងញុំាង​ទ្រព្យ ដែលខ្លួន​បានហើយ បានហើយ ឲ្យវិនាសទៅ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៨ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៩ អ្វីជា​ប្រធាននៃ​សេចក្តី​វិនាស ។ ៩. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូច​ចំពោះពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធនៃ​បុគ្គល​ដទៃ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៩ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១០ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។ ១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមាន​ដោះក្បំ ដូចជាផ្លែទន្លាប់ រមែង​ដេកមិនលក់ ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១០ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ អ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។ ១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​ ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១១ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១២ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។ ១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រជ្ជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញ​ដ៏ប្រសើរ ពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក បណ្ឌិត​នោះ រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់​ព្រះនិព្វាន តែក្នុង​ទីនេះ អដ្ឋកថា​ប្រាប់ថា បានដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។] ។ ចប់ បរាភវសូត្រ ទី៦ ។ (ព្រះត្រៃបិដក ភាគ៥៤ ទំព័រទី ៣៦ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត) ប្រភពដកស្រង់ Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
Public date : 02, Jul 2022 (1,365 Read)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
Public date : 02, Jul 2022 (926 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
Public date : 02, Jul 2022 (497 Read)
ការចម្រេីន អានាបាណស្សតិ » (វគ្គ១) បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។ ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖ ១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត ២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត ៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត ៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម ៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ ៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។ ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ អាន វគ្គ២ ដោយ៥០០០ឆ្នាំ
images/articles/3290/______________________________.jpg
Public date : 02, Jul 2022 (1,761 Read)
គ្រានោះ ព្រាហ្មណ៍ឈ្មោះ​ជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាល​បើពោល​ត្រឹមត្រូវ គប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេ​ពោល​ដោយ​ត្រឹមត្រូវ គប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថា ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះការ​ដាច់ក្តី ធ្លុះក្តី ពពាល​ក្តី ពព្រុស​ក្តី នៃ​ព្រហ្មចរិយធម៌ តើដូច​ម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ដោយប្រពៃ មិនបាន​​ប៉ះពាល់ នូវការប៉ះពាល់​ដោយបុគ្គលពីរ ៗ មួយអន្លើ​ដោយ​មាតុគ្រាម (សេពមេថុន) តែថា រមែង​ត្រេកអរ​នឹងការ​ដុសខាត់ នួត ងូត ច្របាច់​របស់​មាតុគ្រាម។ បុគ្គលនោះ រមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះ រីករាយ​នឹងការ​ដុសខាត់នោះ ដល់នូវ​សេចក្តី​ត្រេកអរ ដោយការ​ដុសខាត់​នោះ។ ម្នាលព្រាហ្មណ៍​ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បរិសុទ្ធ ជាអ្នក​ប្រកប​ដោយ​មេថុនសំយោគ រមែងមិន​ផុតចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយប្រពៃ រមែងមិន​ប៉ះពាល់ ចំពោះ​ការប៉ះពាល់ ដោយ​បុគ្គលពីរ ៗ មួយអន្លើ​ដោយមាតុគ្រាម ទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់ នួត ងូត ច្របាច់ របស់​មាតុគ្រាម​ទេ តែថា រមែង​ចំអក​ឡកឡឺយ សើចក្អាក​ក្អាយ ជាមួយ​នឹង​មាតុគ្រាម។បេ។ បើមិន​ចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយ​នឹងមាតុគ្រាម​ទេ រមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែក ដៀង​ចំពោះ​មាតុគ្រាម បើមិនបាន​មៀងភ្នែក​ដោយភ្នែក ដៀង​ចំពោះ​មាតុគ្រាម​ទេ រមែង​ស្តាប់​សំឡេង​នៃមាតុគ្រាម កាល​សើចក្តី កាល​និយាយក្តី ច្រៀង​ក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅកំពែង បើមិនស្តាប់​សំឡេង​នៃមាតុគ្រាម កាល​​សើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅ​កំពែង​ទេ តែថា រលឹក​រឿយ ៗ នូវហេតុ​ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់​លេង ជាមួយ​នឹងមាតុគ្រាម ក្នុងកាល​ពីដើម បើមិនរលឹក​រឿយ ៗ នូវហេតុ ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញ​នូវគហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើដោយ​កាមគុណ​ទាំង ៥ បើមិនបាន​ឃើញនូវ​គហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើ​ដោយកាម​គុណ​ទាំង ៥ ទេ តែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថា អញសុំឲ្យ​បានជាទេវតា ទោះជាទេវតា​ណាមួយ ដោយសីល​នេះផង ដោយវត្ត​នេះផង ដោយ​តបធម៌​នេះផង ដោយព្រហ្ម​ចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរ​នឹងធម៌នោះ រីករាយ​នឹងធម៌នោះ ដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។ ម្នាលព្រាហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុស​ផង នៃ​ព្រហ្មចរិយធម៌ ម្នាល​ព្រាហ្មណ៍ បុគ្គល​នេះ​ហៅថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធ ជាអ្នក​ប្រកបដោយ​មេថុនសំយោគ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគត​ហៅថា មិនរួចចាក​វដ្តទុក្ខ​ឡើយ។ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​ឃើញច្បាស់ នូវ​មេថុនសំយោគ​​ណា​មួយ ក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណា ម្នាលព្រាហ្មណ៍ តថាគត​​មិនទាន់​ប្តេជ្ញា​​ថា ជា​អ្នកត្រាស់​ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង​សមណព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​​មនុស្ស​​ដ៏សេស ដរាបនោះ​ដែរ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​មិនឃើញច្បាស់ នូវ​មេថុនសំ​យោគ​​ណាមួយ​ក្នុងខ្លួន ដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេ ម្នាលព្រាហ្មណ៍ តថាគត​​ក៏ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ និងមនុស្ស​​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ក្នុងកាល​​នោះ​ដែរ។ លុះតែបញ្ញា​ដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់​តថាគត​ដូច្នេះថា ការរួចស្រឡះ​របស់តថាគត មិនកម្រើក ជាតិនេះ​ជាទីបំផុត ភពថ្មី​ទៀត​មិនមាន​ឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់​យ៉ាងនេះហើយ ជាណុស្សោណិ​ព្រាហ្មណ៍ បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃនេះតទៅ។ បិដកភាគ ៤៧ ទំព័រ ១០១ ឃ្នាប ៤៧ ដោយ៥០០០ឆ្នាំ
images/articles/3302/56ergre3222.jpg
Public date : 02, Jul 2022 (596 Read)
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ ផ្លូវកាយមាន៣ហៅថា កាយកម្ម៣ , ផ្លូវវាចាមាន៤ហៅថា វចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង ។ ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។ កុសលកម្មបថ១០យ៉ាង កាយកម្ម៣ ១- បាណាតិបាតា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។ ៣- កាមេសុមិច្ឆាចារា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម៤ ១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។ ២- បិសុណាយ វាចាយ វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។ បិសុណាវាចា មានអង្គ៤គឺៈ ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។ ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។ ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។ ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។ ៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ផរុសវាចា មានអង្គ៣គឺៈ ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។ ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។ ៣- អក្កោសនា បានជេរប្រទេច ។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។ សម្ផប្បលាប មានអង្គ២គឺៈ ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។ ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។ មនោកម្ម៣ ១- អនភិជ្ឈាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ អភិជ្ឈា មានអង្គ២គឺៈ ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។ ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។ ព្យាបាទ មានអង្គ២គឺៈ ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។ ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។ មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។ ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ ដោយ៥០០០ឆ្នាំ
images/articles/2837/t323efwtpic.jpg
Public date : 01, Jul 2022 (3,540 Read)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
Public date : 01, Jul 2022 (3,191 Read)
តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជា​ដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង​ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅ​​មិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​ ​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្ត​មកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន​មែន​តែ​ក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោក​ផង​ដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្ម​វ​ស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយ​ចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោក​អាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ ​។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។ ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើប​ចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះ​រាជា​នៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេច​ក្តី​ថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​ ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖ អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់​អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់​នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាប​ទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោ​ហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំង​ឡាយ​មានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះ​រាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕ (អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩) ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
Public date : 01, Jul 2022 (5,348 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
Public date : 01, Jul 2022 (4,180 Read)
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
Public date : 01, Jul 2022 (5,314 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
Public date : 01, Jul 2022 (5,574 Read)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
Public date : 01, Jul 2022 (3,573 Read)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
Public date : 01, Jul 2022 (3,560 Read)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿