ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៦៥១
Today
ថ្ងៃម្សិលមិញ ១២២,២២៣
ខែនេះ ២,៧០៨,៤២៦
សរុប ២៥៨,២០៦,២៤១
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៣៣៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែង​ពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។ ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមាន​ផល​តទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។ អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។ ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។ ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦២,១៧០ ដង)
សទ្ធម្មប្បតិរូបកសូត្រ (ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម) សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។ ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង ១. ឱភាស ២. ញាណ ៣. បីតិ ៤. បស្សទ្ធិ ៥. សុខ ៦. អធិមោក្ខៈ ៧. បគ្គាហៈ ៨. ឧបដ្ឋានៈ ៩. ឧបេក្ខាវជ្ជនៈ ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) កំណត់ចំណាំ 902 ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។ ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៦,៧៤៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។ យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។ យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ ១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ ២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ ៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ ៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។ វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គល​​វៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។ អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថា​តំ​វិទ្ទ​សុ​នោ​ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។ ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខ​ទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។ ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។ ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។ ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។ ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។ នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះ​​ក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧ ដោយ៥០០០ឆ្នាំ
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៤២២ ដង)
ពាក្យ​ថា​អរិយសច្ច មានអត្ថ ៤ យ៉ាង ១- ព្រោះ​ព្រះអរិយបុគ្គល មាន​ព្រះសម្មាសម្ពុទ្ធជាដើម បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ​ទាំង​នោះ ទើប​ហៅ​ថា អរិយសច្ច ដូច​ជា​ព្រះពុទ្ធដីកា​ក្នុង​បិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​គ្រប់​អង្គ​ក្នុង​អតីតកាល បាន​ត្រាស់​ដឹង​ហើយ... ក្នុង​អនាគតកាល​នឹង​បាន​ត្រាស់​ដឹង... ក្នុង​បច្ចុប្បន្ន​កាល រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ ២- ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​របស់​ព្រះអរិយៈ ដូច​ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អរិយបុគ្គល​ក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែល​តថាគត​សម្ដែង​ហើយ) ហៅ​ថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយ​សេចក្ដីថា អរិយសច្ច​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ជា​របស់​ព្រះអរិយៈ ព្រោះ​ព្រះតថាគត ជា​ព្រះអរិយៈ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ ទើប​ឈ្មោះ​ថា អរិយសច្ច គឺ​ជា​សេចក្ដីពិត​របស់​ព្រះអរិយៈ។ ៣- ព្រោះ​សម្រេចជា​ព្រះអរិយ​បុគ្គល ដោយ​ការ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ដូច​ក្នុង​ព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ដែល​មាន​ឈ្មោះ​ថា អរហន្ត​សម្មាសម្ពុទ្ធ ព្រោះ​តថាគត បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដីពិត។ ៤- ឈ្មោះ​ថា អរិយសច្ច ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​ដ៏​ប្រសើរ ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសច្ច ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​តថាគត ហៅ​ថា​អរិយសច្ច ។ តថានិ ជា​របស់​ពិត អវិតថានិ មិន​ប្រែប្រួល អនញ្ញថានិ មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤០,៦៩១ ដង)
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាង​ទៀត គប្បី​ជ្រាប​សច្ចៈ​ទាំង​នេះ ដោយ​ឧបមា ប្រកប​ដោយ​បុគ្គល​មាន​ពៀរ មូល​ហេតុ​នៃ​ពៀរ ការ​ដក​ចេញ​នូវ​ពៀរ (ស្ងប់​វេរា) និង​ឧបាយ​នៃ​ការ​ដក​ចេញ​នូវ​ពៀរ ។ ២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើម​ឈើ​មាន​ពិស ឫស​នៃ​ដើម​ឈើ​ពិស ការ​កាត់​គាស់​នូវ​ឫស​ឈើ​ពិស និង​ឧបាយ​នៃ​ការ​កាត់​គាស់​ឫស​គល់​ឈើ​ពិស​នោះ ។ ៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការ​មាន​ភ័យ មូល​ហេតុ​នៃ​ភ័យ ការ​រួច​ផុត​ពី​ភ័យ និង​ឧបាយ​នៃ​ការ​រួច​ផុត​ចាក​ភ័យ​នោះ​ឯង ។ ៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយ​អាយ អន្លង់​ទឹក​ធំ ត្រើយ​នាយ និង​សេចក្ដី​ព្យាយាម​ឱ្យ​បាន​ដល់​ត្រើយ​នាយ​នោះ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៨,៧៩១ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​ជេតពន ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ទិដ្ឋិ​ច្រើន​ប្រការ ឱ្យ​ដល់​ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ក្នុង​វត្ត​ជេតពន​នោះ​ឯង​ ។ ទិដ្ឋិ​ដែល​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ មាន ៥ ចំណែក គឺ ១- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា ។ ២- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មិន​មាន​សញ្ញា ។ ៣- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន ។ ៤- សត្វ​ស្លាប់​ទៅ​សូន្យ មិន​កើត​ទៀត​ឡើយ ។ ៥- ទិដ្ឋធម្មនិព្វានវាទ យល់​ឃើញ​ថា​កាម​សុខ​និង​ឈាន​សុខ ជា​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិ​ទាំង ៥ ពួក​នេះ រួម​ជា ៣ ពួក​ក៏​បាន គឺ ៣ ពួក​ខាង​ដើម ជា​សស្សតវាទ ពួក ១ បន្ត​មក​គឺ​ឧច្ឆេទវាទ ពួក ១ និង​ទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយ​ប្រការ​ដូច្នេះ​ទើប​ព្រះសូត្រ​នេះ មាន​ឈ្មោះ​ថា បញ្ចត្តយសូត្រ គឺ ៥ មក​ជា ៣ ឬ ៣ ទៅ​ជា ៥ ក៏​បាន ។ ជា​បន្ត​មក​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ចែក​ទិដ្ឋិ ៥ ពួក​ខាង​ដើម​នោះ ទៅ​ជា​ទិដ្ឋិ ៤៤ ដូច​នៅ​ក្នុងព្រហ្មជាល​សូត្របិដក​លេខ ១៤ ដែរ គឺ -សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦ -សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨ -សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨ -ឧច្ឆេទទិដ្ឋិ មាន ៧ -ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។ ទិដ្ឋិ​ទាំង ៤៤ គឺ​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ ហៅ​ថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់​មក​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទិដ្ឋិ ៥ ពួក​ទៀត ដែល​ប្រារព្ធ​យក​ខន្ធ​អតីត​មក​ជា​អារម្មណ៍ ៥ ពួក​នេះ ចែក​បាន​ជាទិដ្ឋិ ១៨ គឺ ១- សស្សតទិដ្ឋិ មាន ៤ ២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤ ៣- អន្តានន្តទិដ្ឋិ មាន ៤ ៤- អមរាវិក្ខេបទិដ្ឋិ មាន ៤ ៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។ ទិដ្ឋិ ៥ ពួក ចែក​បាន​ជាទិដ្ឋិ ១៨ ដែល​ប្រារព្ធ​យក​ខន្ធ​ខាង​ដើម​គឺ​ខន្ធ​អតីត​មក​ជា​អារម្មណ៍​នោះ ហៅ​ថា បុព្វន្តកប្បទិដ្ឋិ ។ បូក​បញ្ចូល​បុព្វន្តកប្បទិដ្ឋិ ១៨ និង​អបរន្តកប្បទិដ្ឋិ ៤៤ ត្រូវ​ជា​ទិដ្ឋិ ៦២ ។ ចំពោះ​ទិដ្ឋិ​ទាំង ៦២ នេះ គឺ​មាន​សក្កាយទិដ្ឋិ ដែល​ប្រកាន់​ថា​ជា​សត្វ​បុគ្គល​តួ​ខ្លួន ជា​មេ ជា​ប្រធាន ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ប្រកាស​សម្ដែង​នៅ​ក្នុង​ព្រះសូត្រ​នេះ​ជា​បន្ត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ ក្នុង​លោក​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លង​នូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លងនូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់។ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​នេះ​តែង​ពោល​សរសើរ នូវ​បដិបទាជាទី​​សប្បាយ​នៃ​ព្រះនិព្វាន ដោយ​ពិត ប៉ុន្តែ​សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ​ឯង ប្រកាន់​មាំ​នូវ​បុព្វន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​អបរន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​កាម​សញ្ញោជនៈ​ផង ប្រកាន់​មាំ​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់​ផង ប្រកាន់​មាំ​នូវ​និរាមិសសុខ​ផង ប្រកាន់​មាំនូវ​អទុក្ខម​សុខវេទនា​ផង ។ សមណព្រាហ្មណ៍​មាន​អាយុ​នេះ ពិចារណា​ឃើញ​ថា អាត្មា​អញ​ជាអ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​មាំ ដោយ​ហេតុ​ណា ហេតុ​នោះ ព្រះតថាគត​ពោល​ថា​ជា​ឧបាទាន ( សេចក្ដី​ប្រកាន់​មាំ ) របស់​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ។ ឧបាទាន​នោះ​ជា​សង្ខតធម៌ ដ៏​គ្រោត​គ្រាត​នៅ​ឡើយ ចំណែក​ខាង​ការ​រលត់សង្ខារ​ទាំងឡាយ​មាន​ពិត ព្រះនិព្វាន​ក៏​មាន​ពិត លុះ​ព្រះតថាគត​ដឹង​ច្បាស់​ដូច្នេះ​ហើយ ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​នូវ​ឧបាទាន​នោះ កន្លង​នូវ​ឧបាទាន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង​ ៦ ហើយ​រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នេះ​ឯង ឈ្មោះ​ថា​សន្តិវរបទ ដ៏​ប្រសើរ ដែល​ព្រះតថាគត​ត្រាស់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង ៦ ហើយ រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នោះ​ឯង ឈ្មោះ​ថា​សន្តិវរបទ​ដ៏​ប្រសើរ ដែល​ព្រះតថាគតត្រាស់​ដឹង​ហើយ ។ លុះ​ព្រះមាន​បុណ្យ​បាន​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ​ចំពោះ​ភាសិត របស់​ព្រះមាន​បុណ្យ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៨,៨៤៩ ដង)
នៅ​ក្នុង​បិដក​លេខ ២១ រថវិនីត​សូត្រ ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា អនុបាទាប​រិនិព្វាន មិន​មែន​ជា​វិសុទ្ធិ​ណា​មួយ ក្នុង​វិសុទ្ធិ​ទាំង ៧ នោះ​ឡើយ ហើយ​ព្រះសារីបុត្ត​បាន​សួរ​ថា ម្នាលអាវុសោ ចុះ​អនុបាទាប​រិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឬ ? ព្រះបុណ្ណមន្តាណីបុត្ត​ឆ្លើយ​ថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វា​យេយ្យ បុថុជ្ជនោ ហិ អាវុសោ​ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាល​អាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ហើយ បុថុជ្ជន​ក៏​គង់​បរិនិព្វាន​បាន ម្នាល​អាវុសោ ព្រោះ​បុថុជ្ជន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឯង ។ នៅ​ខាង​ចុង​នៃ​ព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា ញាណ​ទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែ​ថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មាន​ប្រយោជន៍​ត្រឹម​តែ​អនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាល​អាវុសោ ព្រហ្មចរិយធម៌​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​សម្នាក់ ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​អនុបាទាបរិនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦២,៥៧៤ ដង)
ចន្ទគតិ មាន​រនោច មាន​ខ្នើត​ជា​ធម្មតា បើ​យើង​មិន​ប្រាថ្នា​ឱ្យ​ខុស​ពី​ធម្មតា​ទេ យើង​ក៏​មិន​កើត​ទុក្ខ​ដែរ ។ ផែន​ដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ចំណែក​ព្រះចន្ទ​វិល​ជុំ​វិញ​ផែនដី យើង​មិន​ដែល​កើត​ទុក្ខ​ព្រោះ​ហេតុ​តែ​ព្រះចន្ទ​មិន​បាន​មក​វិល​ជុំ​វិញ​ខ្លួន​យើង​នោះ​ឡើយ យ៉ាង​ណា​មិញ អ្វី​ៗ​ក្នុង​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​លោក បើ​យើង​មិន​ចង់​រវល់​ច្រើន​ទេ យើង​ត្រូវ​សិក្សា​ចូល​ឱ្យ​ដល់​ធម្មតា​ធម៌ អ្វី​ៗ​រៀប​រយ​ស្រេច​បាច់​តាម​ធម្មជាតិ មាន​បច្ច័យ​ឱ្យ​កើត​ឡើង មាន​ជរា​ជា​ធម្មតា មាន​ព្យាធិជាធម្មតា មាន​មរណៈ​ជា​ធម្មតា មាន​ការ​ព្រាត់​ប្រាស ប្រែប្រួល​ជា​ធម្មតា ។ល។ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​មក​ប្រាថ្នា​ដោយ​ការ​ហួង​ហែង​ចំពោះ​សង្ខារ​ទាំង​ឡាយ​ថា កុំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​ៗ​ឡើយ ព្រោះ​ព្រះនិព្វាន​ទេ​តើ ដែល​មិន​មាន​ជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទី​អស់​ទៅ​នៃ​តណ្ហា និង​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣២,៤០៧ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ​​ទ្រង់​​គង់​​ប្រថាប់​នៅ​នា​ដង​ព្រៃ ជិត​ក្រុង​កុសិនារា ។ ក្នុង​ទី​នោះ​ឯង ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ធ្លាប់​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​តថាគតថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌបាតខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុភព​តូច​ភពធំ​ខ្លះ ដូច្នេះ​ដែរ​ឬ ? ( កិន្តិ = កឹ + ឥតិ ) ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ ពុំ​ដែល​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌ​បាត​ខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណ​គោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ភព​តូច​ភព​ធំ​ខ្លះ ដូច្នេះ​ឡើយ ។ កាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សាក​សួរ​បញ្ជាក់​អំពី​សេចក្ដី​ត្រិះរិះ​របស់​ភិក្ខុ​ទាំង​ឡាយ ចំពោះ​ការ​ត្រាស់​សម្ដែង​ព្រះធម៌​របស់​ព្រះអង្គ​នោះ ថា​ដូច​ម្ដេច ទើប​ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ មាន​សេចក្ដី​ត្រិះរិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះថា ព្រះដ៏មាន​ព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បាន​ឮ​ថា អ្នក​ទាំង​ឡាយ​មាន​សេចក្ដី​ត្រិះ​រិះ ចំពោះ​តថាគត​យ៉ាង​នេះថា ព្រះដ៏មានព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ត្រាស់​ដឹង​ហើយ សម្ដែង​ហើយ ដូច​ជា​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ អ្នក​ទាំង​ឡាយ​រាល់​រូប​គប្បី​ព្រម​ព្រៀងគ្នា គប្បី​រីក​រាយ​រក​គ្នា កុំ​វិវាទ​គ្នា គប្បី​សិក្សា​ក្នុង​ធម៌​ទាំង​នោះ​ចុះ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ការ​សម្រុះ​សម្រួល​គ្នា កុំ​ឱ្យ​មាន​វិវាទ​នឹង​គ្នា​ក្នុង​អភិធម្ម ទាក់​ទង​ដោយ​អត្ថ​និង​ព្យញ្ជនៈ ។ សម្រុះ​សម្រួល​ក្នុង​វិន័យ តាម​ដែល​មាន​ភិក្ខុ​ត្រូវ​អាបត្តិ ជា​ការ​ប្រព្រឹត្ត​ល្មើស ឱ្យ​ចេញ​ចាក​អកុសលធម៌ មក​តាំង​នៅ​ក្នុង​កុសលធម៌​វិញ ។ សម្រុះ​សម្រួល​ក្នុង​រឿង​ដែល​និយាយ​ស្ដី មាន​វចីសង្ខារ​មិន​ល្អ វាយ​ឫក​ដោយ​ទិដ្ឋិ មាន​ចិត្ត​អាឃាតព្យាបាទ មិន​ស្ដាប់​គ្នា មិន​ត្រេកអរ​រក​គ្នា ។ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ភិក្ខុ​បើ​មិន​លះ​បង់​នូវ​ធម៌​នោះ​ទេ នឹង​មិន​ធ្វើ​ឱ្យ ជាក់​ច្បាស់​នូវ​ព្រះនិព្វាន​បាន​ឡើយ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​មាន​ភិក្ខុ​ពួក​ដទៃ សួរ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ បាន​ធ្វើ​ឱ្យ​ភិក្ខុ​ទាំង​នេះ​របស់​ពួក​យើង ចេញ​ចាក​អំពី​អកុសលធម៌ ហើយ​តាំង​នៅ​ក្នុង​កុសល​ធម៌​ដែរ​ឬ ? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ក្នុង​ទីនេះ ខ្ញុំ​ព្រះករុណា​បាន​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះធម៌​ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំ​ព្រះករុណា​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ហើយ បាន​សម្ដែង​ប្រាប់​ដល់​ភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំង​នោះ ក៏​បាន​ស្ដាប់​ធម៌​នោះ ហើយ​ចេញ​ចាក​អកុសលធម៌ បាន​តាំង​នៅ​ក្នុង​កុសលធម៌ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​ពោល​យ៉ាង​នេះ មិន​ឈ្មោះ​ថា​លើក​តម្កើង​ខ្លួន មិន​ឈ្មោះ​ថា​សង្កត់​សង្កិន​បុគ្គល​ដទៃ​ទេ ឈ្មោះ​ថា​ជា​អ្នក​ពោល​ប្ដេជ្ញា​នូវ​ធម៌​តាម​ធម៌ ម្យ៉ាង​ទៀត វាទៈ​និង​អនុវាទៈ​ដែល​ប្រកប​ដោយ​ហេតុ​ណា​មួយ រមែង​មិន​មក​កាន់​ឋានៈ​ដែល​អ្នក​ប្រាជ្ញ​គប្បី​តិះ​ដៀល​បាន​ឡើយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​កិន្តិ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មានព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៤,០០២ ដង)
តាម​ខ្លឹម​សារនៅ​ក្នុង​កេវដ្ដសូត្រ បិដក​លេខ ១៥ គឺមហភូតរូប ៤ ដែល​មិន​ជាប់​ដោយ​ឥន្ទ្រិយ មិន​មែន​ជា​ទុក្ខសច្ច ដូច​ជា​ផែនដី ព្រៃ​ភ្នំ ទន្លេ​សមុទ្រ ភ្នំ​មាស​ភ្នំ​ប្រាក់​ជាដើម​នេះ មិន​ត្រូវ​លើក​ឡើង​ជា​សំណួរ​ថា រលត់​អស់​មិន​មាន​សេស​សល់​ក្នុង​ទី​ណា​នោះ​ទេ ពី​ព្រោះ​ក្នុង​ធម្មជាតិ​ទាំង​អស់​នេះ មិន​មាន​វិសុទ្ធិ ៧ ។ អ្វី​ដែល​ត្រូវ​លើក​យក​មក​សួរ​ថា រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ទី​ណា គឺ​នាម​រូប​ក្នុង​សត្វ​លោក​ដែល​ជាប់​ដោយ​ជីវិតិន្ទ្រិយ ជា​ទុក្ខ​សច្ចអាស្រ័យ​តណ្ហា​ជា​សមុទយៈ ។ ឯ​ចម្លើយ​ត្រូវ​លើក​យក​ព្រះនិព្វាន​ជានិរោធសច្ច​មក​ឆ្លើយ​ថា នាម​រូប​ដែល​សន្មត​ថា​សត្វ​លោក​ហ្នឹង​ឯង រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​ជា​និរោធសច្ច​នោះ ព្រោះ​ការ​រលត់​ទៅ​នៃ​អភិសង្ខារវិញ្ញាណ ។ អដ្ឋកថា កេវដ្ដ​សូត្រ​ប្រាប់​ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះ​អនុប្បាទនិរោធ​នៃ​អភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺ​នាម​រូប​រលត់​ដោយ​អំណាច​នៃ​ការ​មិន​កើត​ឡើង ។ អនុប្បាទនិរោធ គឺ​ព្រះអដ្ឋក​ថា​ពន្យល់​ក្នុង​ព្រះពុទ្ធដីកា​នៃ​កេវដ្ដសូត្រ ដែល​ព្រះអង្គទ្រង់​ត្រាស់​សម្ដែង​ថា ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។ នាម និង​រូប រមែង​រលត់​ឥត​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​នោះ នាម និង​រូប​នេះ រមែង​រលត់​ក្នុង​ព្រះនិព្វាននោះ ព្រោះ​រលត់​ទៅ​នៃ​វិញ្ញាណ ។ ពាក្យ​ថា ឯត្ថ គឺ​ចង្អុល​ប្រាប់​ចំពោះ​ព្រះនិព្វាន​នោះ ដែល​ព្រះអង្គ​ទ្រង់ត្រាស់​កន្លះ​ព្រះ​គាថា​ខាង​ដើម​ថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។ ចំពោះ អនុប្បាទនិរោធ នេះ នៅ​ក្នុង​បិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែង​ប្រាប់​ថា រលត់​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤៧,៩០៦ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​សាមគ្រាម ក្នុង​ដែន​សក្កៈ ។ សម័យ​នោះ​ឯង និគណ្ឋនាដបុត្ត ទើប​តែ​ធ្វើមរណ​កាល ក្នុង​ដែន​បាវា ។ ព្រោះ​កាល​កិរិយា​នៃ​និគណ្ឋនាដបុត្ត​នោះ ពួក​និគ្រន្ថ​ជា​កូន​សិស្ស បាន​បាក់​បែក​ឈ្លោះ​ប្រកែក​គ្នា​ជា ២ ពួក ប្រកួត​ប្រកាន់​ចាក់​ដោត​គ្នា​ដោយ​លំពែង​គឺ​មាត់ ។ អដ្ឋក​ថា​ប្រាប់​ថា ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នេះ ព្រោះ​មក​អំពី​និគណ្ឋនាដបុត្ត គិត​ឃើញ​ថា​លទ្ធិ​របស់​ខ្លួន​នេះ មិន​អាច​ដឹក​នាំ​សត្វ​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ជា​លទ្ធិប្រាសចាក​សារៈ ។ ដើម្បី​កុំ​ឱ្យ អ្នក​ដែល​ជឿ​តាម​ធ្លាក់​ចុះ​កាន់​អបាយភូមិ និគណ្ឋនាដបុត្ត មុន​នឹង​មរណភាព​បាន​ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ដោយ​ឧច្ឆេទវាទ ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ទៀត​ដោយ​សស្សតវាទ ដោយ​គិត​ថា ឱ្យ​កូន​សិស្ស​ទាំង​អស់​នេះ​វិវាទ​គ្នា កាល​ដែល​វិវាទ​គ្នា​ហើយ​នឹង​បាន​ចូល​ទៅ​រក​ព្រះពុទ្ធសាសនា យក​ព្រះពុទ្ធ​សាសនា​ជា​ធំ ។ ក្នុង​កាល​នោះ ព្រះចុន្ទៈ ជា​ប្អូន​បង្កើត​របស់​ព្រះធម្មសេនាបតី លោក​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាវា បាន​ជ្រាប​រឿង​រ៉ាវ​ពួក​និគ្រន្ថ​ដូច្នេះ​ហើយ ក៏​បាន​និមន្ត​មក​រក​ព្រះអានន្ទ​ជា​ព្រះឧបជ្ឈាយ៍ នៅ​នាសាមគ្រាម ហើយ​ពិត​ទូល​អំពីរឿង​នោះ​ឯង ។ ព្រះអានន្ទ​ដ៏​មាន​អាយុ និង​ព្រះចុន្ទៈ បាន​និមន្ត​ចូល​គាល់​ព្រះដ៏​មានព្រះភាគ ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​ព្រះអានន្ទ​បន្ត​សេចក្ដី​ក្រាប​ទូល​ព្រះអង្គ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ យ៉ាង​នេះ​ថា អំណើះ​អត់​អំពី​ព្រះដ៏មាន​ព្រះភាគ​ទៅ សូម​កុំ​ឱ្យ​មាន​វិវាទកើត​ឡើង​ក្នុង​សង្ឃ​ឡើយ ព្រោះថា​វិវាទ​នោះ នឹង​​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ​ដល់​ជន​ច្រើន មិន​ជា​សុខ​ដល់​ជន​ច្រើន មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន​ដល់​ជន​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអានន្ទ​លើក​អំពី​វិវាទ​ក្នុង​សង្ឃ ព្រោះ​អាជីវៈ​ជា​ហេតុ​ខ្លះ ព្រោះ​អធិប្បាតិមោក្ខ​ជា​ហេតុ​ខ្លះ ចំណែក​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា វិវាទ​ព្រោះ​អាជីវៈ និង​ព្រោះ​អធិប្បាតិមោក្ខ ជា​ហេតុ​នេះ គ្រាន់​តែ​ជា​ការ​បន្តិច​បន្តួច​ទេ ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​អំពី​វិវាទ​ដែល​កើត​ឡើង​ក្នុង​សង្ឃ ព្រោះ​អាស្រ័យ​មគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា វិវាទ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ មិន​ជា​សុខ មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន ដល់​ជន​ច្រើន រមែង​ជា​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអដ្ឋកថា​ប្រាប់​ថា កាល​ណា​ចូល​ដល់​លោកុត្តរមគ្គ វិវាទ​រមែង​ស្ងប់​រំងាប់​ទៅ​ដោយ​ប្រការ​ទាំង​ពួង គឺ​ថា វិវាទ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សម្រេច​នូវ​មគ្គ​ទាំង​ឡាយ ( មាន​សោតាបត្តិមគ្គ ជា​ដើម ) ឡើយ ។ វិវាទ​ព្រោះ​អាស្រ័យមគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា សំដៅ​យក​មគ្គឬបដិបទាជាបុព្វភាគ បាន​ដល់​មគ្គប្បដិបទា​ជា​ចំណែក​ខាង​ដើម គឺ​នៅ​ជា​លោកិយ​ហ្នឹង​ឯង ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​អំពី​វិវាទ​មូល ៦ ប្រការ ៖ ១-កោធនោ ហោតិ ឧបនាហី ២-មក្ខី ហោតិ បឡាសី ៣-ឥស្សុកី ហោតិ មច្ឆរី ៤-សថោ ហោតិ មាយាវី ៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី ៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជា​អ្នក​ស្ទាប​អង្អែល​នូវការ​យល់​ខុស​របស់​ខ្លួន និង​ជា​អ្នក​ប្រកាន់មាំ លះ​បង់​បាន​ដោយ​កម្រ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​មាន​នូវវិវាទមូល ដោយ​នូវ​ប្រការ​នីមួយ​ៗ ឈ្មោះ​ថា មិន​គោរព​កោត​ក្រែង​ព្រះសាស្ដា មិន​គោរព​កោត​ក្រែង​ព្រះធម៌ មិន​គោរព​កោត​ក្រែង​ព្រះសង្ឃ និង​មិន​ធ្វើ​ឱ្យ​ពេញលេញ​ក្នុង​សិក្ខា ភិក្ខុ​នោះ ឈ្មោះ​ថា​បង្កើត​វិវាទ​ក្នុង​សង្ឃ ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​ប្រទាន​ឱវាទ​ឱ្យ​ព្យាយាម​លះ​បង់​នូវវិវាទ​មូល​ដ៏​លាមក​នោះ​ចេញ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទី​បញ្ចប់ ព្រះអង្គ​ទ្រង់ត្រាស់​សម្ដែង​នូវ សារាណីយធម៌ ៦ ប្រការ ព្រម​ទាំង​អានិសង្ស​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,១៥៨ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦០,៤១៥ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2760/fxcgvxfdcvsfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៤,១៤៤ ដង)
១-ឯកត្តន័យ បញ្ញា​ឃើញ​ការ​មិន​ដាច់​សូន្យ​ទៅ​នៃ​តំណ​របស់​សង្ខារធម៌ មាន​ការ​សម្ពន្ធគ្នា​ដោយ​ហេតុ​និង​ផល រមែង​លះ​នូវ​ឧច្ឆេទទិដ្ឋិ ។ ២-នានត្តន័យ បញ្ញា​ឃើញ​ភាព​ផ្សេង​គ្នា​នៃ​ហេតុ​និង​ផល គឺ​ឃើញ​ថា សង្ខារ​ធម៌​ដែល​រលត់​ទៅ​ផ្សេង​អំពី​សង្ខារធម៌​ដែល​កើត​ឡើង​ថ្មីៗ រមែង​លះ​នូវ​សស្សតទិដ្ឋិ ។ ៣-អព្យាបារន័យ បញ្ញា​ឃើញ​ក្នុង​សភាព​មិន​ខ្វាយ​ខ្វល់​នៃ​សង្ខារធម៌​ជា​ផល​ដែល​កើត​អំពី​បច្ច័យ ប្រាកដ​នូវ​លក្ខណៈ​មិន​មាន​អំណាច​បង្គាប់​បញ្ជា ឬ​ទាមទារ​តវ៉ា អង្វរ​ករ​អ្វី​ឡើយ រមែង​លះ​នូវ​អត្តទិដ្ឋិ ។ ៤-ឯវំធម្មតាន័យ បញ្ញា​ឃើញ​ធម្មតា​នៃ​សង្ខារធម៌​យ៉ាង​ហ្នឹង​ឯង គឺ​ឃើញ​សម​គួរ​ទៅ​តាម​បច្ច័យ ពោល​គឺ​បច្ច័យ​យ៉ាង​ណា ផល​យ៉ាង​នោះ រមែង​លះ​នូវ​អកិរិយទិដ្ឋិ ។ កំណត់​សម្គាល់ ន័យ​ទី ១ គឺ​ឃើញ​វដ្ដសង្សារ​មួយ​ខ្សែ​ត​គ្នា ចុតិ បដិសន្ធិ ដែល​សន្មត​ថា​ជា​សត្វ​លោក​ត្រាច់​រង្គាត់​ក្នុង​វាល​វដ្ដសង្សារ ន័យ​ទី ២ គឺ​ឃើញ​ថា ជា​ខណៈ​នៃ​ធម៌​ផ្សេង​ៗ​គ្នា គ្រាន់​តែ​កើត​បន្ត​គ្នា​ប៉ុណ្ណោះ ចំណែក​ន័យ​ទី ៣ គឺ​ឃើញ​ផល​ដោយ​មិន​មាន​ការ​ខ្វាយខ្វល់​សូម​កើត ឬ​ទាមទារ​បង្គាប់​បញ្ជា​អ្វី​ឡើយ ឯន័យ​ទី ៤ គឺ​ឃើញ​ហេតុ ឃើញ​បច្ច័យ ដែល​ញ៉ាំង​ផល​ឱ្យ​កើត​ឡើង​យ៉ាង​ត្រឹមត្រូវ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2761/drgcvsxedfxvfd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៨,៣១១ ដង)
១-ទិដ្ឋិវិសុទ្ធិ សម្រេច​ដោយ នាម​រូបបរិច្ឆេទញ្ញាណ កំណត់​ដឹង​ទុក្ខសច្ច លះ​នូវ​សក្កាយទិដ្ឋិ ។ ២-កង្ខាវិតរណវិសុទ្ធិ សម្រេច​ដោយ​បច្ចយបរិគ្គហញ្ញាណ កំណត់​ដឹង​សមុទយសច្ច លះ​នូវ​វិចិកិច្ឆា និង​ឧច្ឆេទទិដ្ឋិ ។ ៣-មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​សម្មសនញ្ញាណ​ដែល​មាន​កម្លាំង និង​ឧទយព្វយញ្ញាណ ឆ្លង​រួច​អំពី​វិបស្សនូបក្កិលេស កំណត់​ដឹង​មគ្គសច្ច លះ​នូវ​សីល​ព្វតបរាមាស និង​អកិរិយទិដ្ឋិ ។ ៤-បដិបទាញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​ពលវវិបស្សនា រាប់​ពី​ឧទយព្វយញ្ញាណ រហូត​ដល់​អនុលោមញ្ញាណ ត្រូវ​ជា​វិបស្សនា​ដ៏​មាន​កម្លាំង ៩ កំណត់​ដឹង​និរោធសច្ច លះ​នូវ​សស្សតទិដ្ឋិ​ជា​ដើម ។ ៥-ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម កំណត់​ដឹង​និង​ធ្វើកិច្ច​ក្នុង​អរិយសច្ច ៤ ព្រម​គ្នា លះ​នូវ​ពួក​អកុសលធម៌​តាម​លំដាប់​នៃ​មគ្គ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2762/sexfresdvcwfsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៨,៤៣២ ដង)
សម័យ​​មួយ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជិត​ក្រុង​រាជគ្រឹះ ដើម្បី​នឹង​ធ្វើ​សង្គាយនាគ្រាទី ១ ។ គ្រា​នោះ ព្រះអានន្ទ ដ៏​មាន​អាយុ បាន​សន្ទនា​ជា​មួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍ មួយ​អន្លើ​ដោយ​វស្សការ​ព្រាហ្មណ៍ ។ -ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​បង្កើត​ផ្លូវ​ដែល​មិន​ទាន់​កើត​ឡើង ទ្រង់​រៀប​ចំ​ផ្លូវ​ដែល​គេ​មិន​ទាន់​រៀបចំ ទ្រង់​ប្រាប់​ផ្លូវ​ដែល​គេ​មិន​ដែល​ប្រាប់ ព្រះអង្គ​ទ្រង់​ស្គាល់​ផ្លូវ ដឹង​ផ្លូវ ឈ្លាស​វៃ​ក្នុង​ផ្លូវ ចំណែក​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវ​នេះ គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ផ្លូវ ប្រកប​តាម​ទៅ​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ មិន​មាន​ភិក្ខុ​អង្គ​ណា មាន​នូវ​សព្វញ្ញុតញ្ញាណ​នោះ​ឡើយ ។ -ម្នាលព្រាហ្មណ៍ យើង​ទាំង​ឡាយ មិន​មែន​អត់​ទី​ពឹង​ទេ ម្នាល​ព្រាហ្មណ៍ យើង​ទាំង​ឡាយ​ប្រកប​ដោយ​ទីពឹង គឺ​មាន​ធម៌​ជាទី​ពឹង ។ -ម្នាល​ព្រាហ្មណ៍ បសាទនីយ​ធម៌ គឺ​ធម៌​ជា​ទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា ១០ យ៉ាង ដែល​ព្រះដ៏មាន​ព្រះភាគ អង្គ​នោះ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សម្ដែង​ហើយ រមែង​មាន ។ បសាទនីយ​ធម៌​ទាំងនោះ​ឯង មាន​នៅ​ក្នុង​ភិក្ខុ​ណា ក្នុង​កាល​ឥឡូវ​នេះ យើង​ទាំង​ឡាយ តែង​ធ្វើ​សក្ការៈ គោរព រាប់​អាន បូជា លុះ​ធ្វើ​សក្ការៈ គោរព​ហើយ ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ ។ -បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និង​អភិញ្ញា ៦ ទៀត​ជា​គម្រប់ដប់ ។ -ព្រះ​អានន្ទ គង់​នៅ​វត្តវេឡុវ័ន ឆ្លើយ​ប្រាប់​វស្សការព្រាហ្មណ៍​ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទី​គួរ​ត្រេកអរ​ផង មាន​សំឡេង​តិច​ផង មាន​សេចក្ដី​គឹកកង​តិច​ផង មាន​ខ្យល់​រំភើយៗ ជាទី​គួរ​ដល់​សេចក្ដី​ស្ងប់ស្ងាត់​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សំងំ ថែម​ទាំង​មាន​បុគ្គល​ទាំង​ឡាយ​ប្រហែល​នឹង​អ្នក ជា​អ្នក​រក្សា​គ្រប់​គ្រង​ដោយ​ពិត ។ -វស្សការព្រាហ្មណ៍ ពោល​ថា បពិត្រ​ព្រះអានន្ទ​ដ៏​ចម្រើន បាន​ឮ​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ ទ្រង់​សរសើរ​នូវ​ឈាន​ដែល​គួរ​សរសើរ ទ្រង់​តិះ​ដៀល​នូវ​ឈាន​ដែល​គួរ​តិះ​ដៀល ។ -ឈាន​ដែល​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​មិន​សរសើរ​ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​ប្រកាស​ហើយ គឺ ម្នាល​ព្រាហ្មណ៍ ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ មាន​ចិត្តត្រូវ​កាម​រាគ​រួប​រឹត​ហើយ ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ ក៏​មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ធម៌​ជា​គ្រឿង​រលាស់​ចោល នូវ​កាម​រាគ​ដែល​កើត​ឡើង បុគ្គល​នោះ ធ្វើ​នូវ​កាម​រាគ​ឱ្យ​ឋិត​នៅ​ក្នុង​ចិត្ត ហើយ​ក៏​ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់​សញ្ជឹង ។ នីវរណៈ​បន្ត​មក​ទៀត គ្រប់​ទាំង ៥ ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​សម្ដែង​មាន​ទំនង​ដូច​គ្នា​ដែរ ។ ចំណែក​ឈាន ៤ មាន​បឋមជ្ឈាន​ជា​ដើម ព្រះអានន្ទ​ប្រកាស​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ត្រាស់​សរសើរ ។ វស្សការ​ព្រាហ្មណ៍ ជា​មហាមាត្យ​ក្នុង​ដែនមគធៈ ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ។ អដ្ឋកថា ប្រាប់​ថា វស្សការព្រាហ្មណ៍ ធ្វើកាល​កិរិយា​ទៅ​កើត​ជា​ស្វា​នៅ​វត្ត​វេឡុវ័ន ព្រោះ​ហេតុ​ពេល​មួយ​គាត់​បាន​ឃើញ​ព្រះមហាកច្ចាយនត្ថេរ និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​មក បាន​ពោល​ថា នោះ​ដូច​ស្វា ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ ព្រះអង្គ​ត្រាស់​ថា បើ​ព្រាហ្មណ៍​សូមខមាទោស ជា​ការ​ល្អ តែ​បើ​មិន​សូម​ខមាទោស​ទេ ព្រាហ្មណ៍​នឹង​កើត​ជា​ស្វា​កន្ទុយ​គោ ( គោនង្គលមក្កដោ ) ក្នុង​ព្រះវេឡុវ័ន​នេះ ។ វស្សការព្រាហ្មណ៍​នោះ បាន​ស្ដាប់​ព្រះតម្រាស់​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ គិត​ថា ធម្មតា​ព្រះតម្រាស់​របស់​ព្រះសមណគោតម​មិន​ជា​ពីរ ( ត្រាស់​ថា​យ៉ាង​ណា គឺ​យ៉ាង​ហ្នឹង ) ដូច្នេះ នៅ​ពេល​ដែល​យើង​ទៅ​ជា​ស្វា នឹង​ត្រាច់​ទៅ​រក​ស៊ី​ក្នុង​ទី​ដែល​មាន​អាហារ ទើប​ចាត់​ចែង​ដាំ​ដើម​ឈើ​មាន​ផ្លែ​ផ្សេងៗ ក្នុង​ព្រះវេឡុវ័ន ហើយ​ឱ្យ​មាន​ការ​ថែរក្សា ។ ចំពោះ​ព្រះសូត្រ​ដែល​មាន​ឈ្មោះ​ថា​គោបកមោគ្គល្លានសូត្រ ព្រោះ​គោបកមោគ្គល្លាន​ព្រាហ្មណ៍​បាន​ឱកាស​សាក​សួរ​បញ្ហា ចំពោះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​មុន​វស្សការព្រាហ្មណ៍ ទាំង​ព្រះអានន្ទ​ដ៏​មាន​អាយុ ក៏​បាន​និមន្ត​មក​កាន់​កន្លែង​របស់​គោបកមោគ្គល្លាន​ព្រាហ្មណ៍​ផង​ដែរ ។ អដ្ឋកថា​ប្រាប់​ថា គោបកមោគ្គល្លាន​ព្រាហ្មណ៍ មាន​ចិត្ត​ច្រណែន​ឈ្នានីស (ឧសូយតិ) ចំពោះ​វស្សការ​ព្រាហ្មណ៍ ព្រោះដោយ សារ​ថា ព្រះអានន្ទ​ដ៏​មាន​អាយុ​យក​បញ្ហា​របស់​វស្សការ​ព្រាហ្មណ៍​មក​ឆ្លើយ​យ៉ាង​ទូលំទូលាយ ចំណែក​បញ្ហា​របស់​គាត់ ព្រះអានន្ទ​ឆ្លើយ​បាន​បន្តិច​បន្តួច​ដោយ​ចំណែក​ខ្លះ​ប៉ុណ្ណោះ ដូច​យក​ចុង​ឈើ​ច្រត់​ទៅ​ច្រត់​ដី​តែ​ប៉ុណ្ណឹង ។ គួរ​សង្វេគ​ចំពោះ​កិលេស​ក្នុង​សន្ដាន​ចិត្ត​នៃ​សត្វ​លោក​ណាស់ ដូច​ជា​ព្រាហ្មណ៍​ទាំង​ពីរ​នាក់​នេះ នៅ​នឹង​ក្រុង​រាជ​គ្រឹះ មាន​ឋានៈ​ខ្ពង់​ខ្ពស់... ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ៤០ ព្រះវស្សា​នៃ​ការ​ត្រាស់​ដឹង និង​ការ​គង់​ព្រះជន្ម​នៅ​នៃ​ព្រះដ៏មាន​ព្រះភាគ រហូត​ដល់​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ ម្នាក់​ស្លាប់​ទៅ​កើត​ជា​សត្វ​ស្វា ម្នាក់​ទៀត​ប្រាកដ​នូវ​កិលេស​ដែល​បញ្ជាក់​ថា​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ ដូច្នេះ​សូមពុទ្ធបរិស័ទ​យើង ព្យាយាម​បដិបត្តិ​កម្ចាត់​បាប​ចេញ​អំពី​សន្ដាន ទាន់​នៅ​មាន​ជីវិត​ក្នុង​ព្រះធម៌ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៨,១៤៤ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នាមិគារ​មាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ ក្នុង​អដ្ឋកថា​ឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់​ថា ព្រះពុទ្ធអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ ក្នុង​វេលា​រាត្រី លុះ​ដល់​ពេល​ថ្ងៃ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​វត្តបុព្វារាម ក្នុង​ប្រាសាទ​របស់​មិគារ​មាតា បើ​វេលា​យប់ ស្ដេច​គង់​ប្រថាប់​នៅ​បុព្វារាម ពេល​ថ្ងៃ​ទ្រង់​ស្ដេច​យាង​មក​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ​វិញ នេះ​គឺ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បដិបត្តិ​មក​ជា​ប្រចាំ ព្រោះ​ហេតុអ្វី? ម្យ៉ាង ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ទាំង ២ ម្យ៉ាង​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកាស​គុណ​នៃ​មហាបរិច្ចាគ​របស់​ត្រកូល​ទាំង ២ នោះ​ឯង ។ នៅ​ក្នុង​មហាបុណ្ណម​សូត្រ​នេះ ផ្ដើម​ដោយ​ព្រះសង្ឃ​ត្ថេរ​មួយ​ព្រះអង្គ​ជា​មហាខីណាស្រព បាន​នាំ​ភិក្ខុ ៦០ ព្រះអង្គ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ក្នុង​ពេល​ព្រលប់ នៅ​ទី​វាលស្រឡះ ចំ​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ព្រះ​ចន្ទ​ចាប់​ផ្ដើម​រះ​នៅ​ទិស​បូព៌ ព្រះអាទិត្យ​ក៏​អស្ដង្គត ភិក្ខុ​បរិស័ទ​គង់​ស្ថិត​ក្នុង​ឆព្វណ្ណរង្សីនៃ​ព្រះបរមសាស្ដា នា​វត្ត​បុព្វារាម​នោះ​ឯង ។ ភិក្ខុ ៦០ ព្រះអង្គ សុទ្ធ​តែ​បាន​កំណត់​ដឹង​នូវ​នាម​រូប ប៉ុន្តែ​មិន​ទាន់​សម្រេចមគ្គផល ទើប​ព្រះសង្ឃ​ត្ថេរ​ជា​ព្រះអាចារ្យ ជាមហាខីណា​ស្រព ក្រោក​អំពី​អាសនៈ ធ្វើ​ចីវ​រឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បើ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ឱកាស​ដើម្បី​ដោះ​ស្រាយ​ប្រស្នា​របស់​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ហេតុ​បន្តិច​បន្តួច​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នក​ចង់​សួរ​ប្រស្នា​ណា ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន សួរ​ប្រស្នា​នោះ​ចុះ ។ លំដាប់​នោះ ព្រះសង្ឃត្ថេរ បាន​គង់អង្គុយ​លើ​អាសនៈ​របស់​លោក​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​បឋម​អំពី​ឧបាទានក្ខន្ធ ៥ ។ តាម​ពិត ព្រះសង្ឃត្ថេរ ជ្រាប​ហើយ ប៉ុន្តែ​ការ​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​ជា​ការ​អនុគ្រោះ​ដល់​សិស្ស​ទាំង ៦០ ព្រះអង្គ​នោះ​ឯង ។ -សួរអំពី​មូល​ហេតុ​នៃ​ឧបាទានក្ខន្ធ ៥ ។ -សួរ​អំពី​ឧបាទាន ។ -សួរ​អំពី​ឆន្ទរាគៈ​ផ្សេង​គ្នា ។ -សួរ​អំពី​ខន្ធ ១១ កង ។ -សួរ​អំពី​ហេតុ អំពី​បច្ច័យ​នាំ​ឱ្យ​បញ្ញត្តខន្ធ ៥ ។ -សួរ​អំពី​សក្កាយទិដ្ឋិ​កើត​មាន ។ -សួរ​អំពី​សក្កាយទិដ្ឋិ​មិន​កើត​មាន ។ -សួរ​អំពី​អស្សាទ អាទីនវៈ និង​និស្សរណៈ​ក្នុង​ខន្ធ ៥ ។ -សួរ​អំពីកាល​បុគ្គល​ដឹង​ដូចម្ដេច ឃើញ​ដូច​ម្ដេច ទើប​អហង្ការ មមង្ការ និង​មានានុស័យ ក្នុង​កាយ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង ក្នុង​និមិត្ត​ទាំង​ពួង​ជា​ខាង​ក្រៅ​ផង មិន​មាន ។ ជា​ចុង​ក្រោយ​នៃ​ព្រះធម្មទេសនា ព្រះភិក្ខុ​ទាំង ៦០ ព្រះអង្គ​នោះ​ឯង គង់​នៅមួយ​កន្លែង​នៅ​ឡើយ បាន​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ក្នុង​គ្រា​នោះ​ហោង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៦,០៨១ ដង)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕